ព័ត៌មានជាតិ

បុរស២នាក់សង្ស័យជាមន្ត្រីយោធាស្រវឹងស្រាជិះរថយន្តខេមរៈភូមិន្ទ2 2.5712 បុករថយន្តដឹកដីក្រឡាប់ហើយដោះស្លាកលេខចេញខ្លាចអង្គភាពដឹង

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានករណីបុរស២នាក់ ស្រវឹងស្រាជោគជាំជិះរថយន្តម៉ាស្ដាមួយគ្រឿង បើកបុករថយន្តក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវលេខ១០៤ ភូមិត្រពាំងសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តម៉ាស្តា ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ2 2.5712 មួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុល ទៅបុករថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាស្តាក្រឡាប់ផ្ងារជើងម្ខាង អូសជាច្រើនម៉ែត្រ ហើយរថយន្តដឹកដីខូចខាតបន្តិចបន្ទួចរួចបើកបន្តទៅមុខបាត់តែម្ដង។
ក្រោយកើតហេតុបុរសពីរនាក់ បានស្រែកឲ្យគេជួយ ត្រូវសន្តិសុខដែលយាមបុរីនៅជិតនោះជួយគាស់ទ្វារថយន្តឲ្យបុរសទាំងពីរអ្នកនោះ ចេញមកខាងក្រៅដោយមិនមានរងរបួសនោះទេ ហើយបុរសពីរនាក់អ្នកនោះបានតេទូរស័ព្ទហៅរថយន្តមួយគ្រឿងទៀត ជិះចេញទៅបាត់បន្សល់ទុករថយន្តដែលក្រឡាប់ច្រង៉ាងនៅលើថ្នល់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តមកយកទៅរក្សាទុកនៅប៉ុស្តិ៍ទៀន រង់ចាំម្ចាស់មកយករថយន្តរបស់ខ្លួនទៅវិញ ក្នុងហេតុការណ៍មិនបង្កឲ្យមានមនុស្សស្លាប់ទេគ្រាន់តែរងរបួស។

បញ្ជាក់​៖ ករណីនេះ ជនបង្កសង្ស័យជាមន្រ្តីទាហាន មិនដឹងនៅក្នុងអង្គភាពណាទេ បន្ទាប់ពីកើតហេតុបានលូនចេញពីរថយន្ត រួចដោះស្លាកលេខទាំងមុខក្រោយ ឫមួយខ្លាចមេអស់លោកដឹង ហើយទូរស័ព្ទហៅគ្នីគ្នាមកក៏ជិះឡានទៅបាត់៕

មតិយោបល់