កំពង់ចាមៈ លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីការបង្គាប់ឲ្យឃុំខ្លួនលេខ៦៩១ និងដីកាសម្រេច មិនឃុំខ្លួនបណ្តោះអាសន្នលេខ១២៨៣ ព.សចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនជនជាប់ចោទ ចំនួន២នាក់ ពីបទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់។
ជនសង្ស័យទី១ ឈ្មោះ ប៊ុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ទីកន្លែងកំណើតភូមិតាកុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទី២.ឈ្មោះ ហុក សុចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ទីកន្លែងកំណើតភូមិ តាកុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងទី៣.ឈ្មោះ សុខ ចាន់ថាច ភេទស្រី អាយុ២៧ឆ្នាំ ទីកន្លែងកំណើតភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមចេញដីកាសម្រេច មិនឃុំខ្លួនបណ្តោះអាសន្ន។
គួររំលឹកផងដែរថា កាលពីម៉ោង២រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដោយមានការឯកភាពពីលោក លន់ លឹមថៃ អភិបាលខេត្ត លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការដឹកនាំផ្ទាល់ពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) នៅចំណុចផ្ទះមួយកន្លែង យីហោ៧៨៩ ស្ថិតនៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជាលទ្ធផលនៃការបង្រ្កាបនោះ កម្លាំងបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកចាត់ចែង ២នាក់រួមមាន ទី១ ឈ្មោះ ហុក សុចិត្រា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅ នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ម្ចាស់ទីតាំង) ទី២ ឈ្មោះ ប៊ុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ នៅភូមិតាកុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង( អ្នកចាត់ចែង) ទី៣ ឈ្មោះ សុខ ចាន់ថាច ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម(អ្នកចាត់ចែង)។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់៕








មតិយោបល់