ភ្នំពេញៈ ប្តីប្រពន្ធពីរនាក់ បានរងរបួសពកក្បាល និងបែកក្បាល បន្ទាប់ពីជិះម៉ូតូដឹកកូនតូចចេញពីកម្មវិធីខួបកំណើតបងប្អូន ហើយបានប៉ះពាក្យសម្តីគ្នា ជាបុរសមួយក្រុមទៀតមានគ្នា៣នាក់ រហូតកើតជាហិង្សាវាយតបគ្នា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូ រួមជាមួយកូនតូចម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស័រគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM-3555 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅមកពីស្តុបណូគាឆ្ពោះទៅស្ពានអាកាស៧មករា។
លុះមកដល់ចំណុចកែងនិងផ្លូវ១៨២ ក៏ស្រាប់តែមានបុរសម្នាក់ ដែលជនបង្កបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-2420 រួមទាំងបក្ខពួកចំនួន២នាក់ទៀត ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ធ្វើដំណើរមកតាមពីក្រោយ រួចក៏បានបើកវាជែងម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យមានការទាក់ពាក្យសម្តីគ្នា។
ប្រភពដដែលបន្តថា ពេលនោះក្រុមជនបង្ក បានជិះម៉ូតូទៅស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ រហូតបង្កជាហិង្សាវាយតបគ្នា បណ្តាលឲ្យជនរងគ្រោះជាប្តីរបួសបែកក្បាល និងស្ត្រីជាប្រពន្ធរងរបួសពកថ្ងាស។
ភ្លាមៗនោះបក្ខពួកជនបង្កចំនួន២នាក់ បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបង្កជាហិង្សាទៅជនរងគ្រោះ។ ចំណែកឯជនបង្កខាងលើ ក៏បានព្យាយាមឡើងជិះម៉ូតូបម្រុងគេចខ្លួន តែក៏ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋធ្វើការអន្តរាគមន៍ឃាត់ជាប់។
តាមសម្តីពីជនរងគ្រោះឈ្មោះ ឃឹម រឿន អាយុ៣០ឆ្នាំ ជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ និងប្រពន្ធ រួមទាំងកូន បានជិះម៉ូតូចេញមកពីកម្មវិធីខួបកំណើតបងប្អូន នៅខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី បំណងជិះត្រឡប់ទៅផ្ទះវិញ។
លុះជិះមកដល់ចំណុចកែងនិងផ្លូវ១៨២ ស្រាប់តែមានក្រុមជនបង្ក បានជិះម៉ូតូវាជែងឆាបម៉ូតូរបស់គាត់ ខណៈនោះគាត់ ក៏ស្រែកដាក់ក្រុមជនបង្កខាងលើថា «បងឯងជិះខ្វាក់ចឹងអត់មើលខ្ញុំដឹកកូនតូច អត់ខ្លាចមានគ្រោះថ្នាក់ដល់ពួកខ្ញុំទេអី» រួចគាត់ក៏បន្តដំណើរទៅមុខធម្មតា។ ខណៈជិះមកដល់ចំណុចកើតហេតុ ក្រុមជនបង្កក៏បានជិះម៉ូតូស្ទាក់ពីមុខម៉ូតូរបស់គាត់ និងស្រែកថា «ស្អីហា» ហើយក៏បាននាំគ្នាយកមួកសុវត្ថិភាពវាយមកលើរូបគាត់ និងប្រពន្ធរបស់គាត់ បណ្តាលឲ្យរងរបួសតែម្តង។
តាមសម្តីពីបុរសដែលជាជនបង្កមានឈ្មោះ ហែម ម៊ុន អាយុ២៧ ឆ្នាំ មុខរបរជាចុងភៅ បានឆ្លើយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ និងបក្ខពួកពីរនាក់ទៀត បានជិះម៉ូតូស្របទិសគ្នា ជាមួយជនរងគ្រោះខាងលើ។ បន្ទាប់មកបក្ខពួករបស់គាត់ ក៏បានជិះវាម៉ូតូរបស់ជនរងគ្រោះទៅមុន ស្រាប់តែជនរងគ្រោះស្រែកជេរបក្ខពួករបស់គាត់។ លុះមកដល់ចំណុចកើតហេតុ ក៏បក្ខពួករបស់គាត់ បានឈ្លោះប្រកែកគ្នា ជាមួយនឹងជនរងគ្រោះ រហូតមានវាយតបគ្នា។ ប៉ុន្តែគាត់មិនបានប្រើប្រាស់អំពើហិង្សា ទៅលើជនរងគ្រោះនោះទេ គ្រាន់តែជួយឃាត់បក្ខពួករបស់គាត់ប៉ុណ្ណោះ។ ខណៈដែលគាត់ឡើងជិះម៉ូតូ ស្រាប់តែមានប្រជាពលរដ្ឋ មកធ្វើការឃាត់ និងវាយរូបគាត់ បណ្តាលឲ្យហើមភ្នែកតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បាននាំភាគីពីរទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់