ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យដួល ត្រូវរថយន្តកិនស្លាប់

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសរងគ្រោះជិះម៉ូតូបុកជាមួយម៉ូតូមួយគ្រឿងទៀត ហើយដួល គាប់ជួនមានរថយន្តមួយគ្រឿងបានបើកមកដល់កិនស្លាប់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្កែ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះវ័យប្រហែល៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពាក់ស្លាកលេខ 1CQ-8231 បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក MSX បណ្ដាលឲ្យជនរងគ្រោះដួលត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្ដង។ បន្ទាប់ពីកិនហើយ រថយន្តបានបន្ថែមល្បឿនគេចទៅបាត់ រីឯអ្នកបើកម៉ូតូMSX ក៏រត់បាត់ស្រមោលឈឹង បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ិន សារិទ្ធ អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ។

ក្រោយកើតហេតុគេឃើញមានសាច់ញាតិជនរងគ្រោះមកដល់ស្រែកទ្រហោយំឱបសាកសព។ ភ្លាមៗនោះក៏គេឃើញមានវត្តមានសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ៕

មតិយោបល់