ព័ត៌មានជាតិ

អភិបាលខណ្ឌសែនសុខចុះត្រួតពិនិត្យគុណភាពផ្លូវបេតុង និងពិនិត្យប្រព័ន្ធលូដែលកំពុងស្ថាបនា

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌជាច្រើនចុះត្រួតពិនិត្យគុណភាពផ្លូវដែលកំពុងស្ថាបនា ជាផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែង៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅផ្លូវលេខ១០៥K ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ត្រូវបានសម្ពោធបើកការដ្ឋានជួសជុល កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

បន្ទាប់ពីត្រួតពិនិត្យផ្លូវចាក់បេតុងរួចលោកអភិបាលខណ្ឌ បន្តទៅត្រួតពិនិត្យមើលប្រព័ន្ធលូ02ខ្សែបន្ថែមទៀត ដោយមួយខ្សែនៅភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លា និងមួយខ្សែទៀតនៅភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ដែលកំពុងជួសជុលស្តារឡើងវិញ។

ថ្លែងក្នុងឱកាសនោះលោកអភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះជាផ្លូវដែលអភិវឌ្ឍន៍តាមគម្រោងរបស់សាលារាជធានីភ្នំពេញដោយមានការឯកភាពពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលតម្រូវឲ្យស្ថាបនាឲ្យបានទាន់សភាពការណ៍ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជាប្រចាំនាពេលបច្ចុប្បន្ន ដោយចំណាយអស់ថវិកាចំនួន៤៥៨,៣៥៤,០០០រៀល។

លោកអភិបាលខណ្ឌបានថ្លែងបន្តឲ្យដឹងទៀតថា ទាំងនេះ គឺបានមកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់រដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំ៕

មតិយោបល់