កំពង់ចាមៈ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីជនមិនស្គាល់អត្តសញ្ញាណ បានវាយប្លន់ម៉ូតូសិស្សសាលាម្នាក់ ខណៈពេលនាងជិះចេញពីសាលារៀនមក ដល់ចំណុចស្ងាត់ស្ថិតក្នុងភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ជាប់ព្រំប្រទល់ឃុំសូសែន្យ និងឃុំស្រង៉ែ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ រឿន សុភាព អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ដំណើររឿង៖ នារីរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស្គូពីចេញពីសាលារៀន ស្រាប់តែមានមនុស្សប្រុសមិនស្គាល់មុខ អាយុប្រហែល ៣០ឆ្នាំ មាឌរាងស្គម កម្ពស់ប្រហែល ១.៦០ម៉ែត្រ ពាក់អាវសដៃវែង ស្លៀកខោជើងវែងពណ៌ខ្មៅ អង្គុយលើដៃស្ពានផ្លូវលំម្នាក់ឯង ជាកន្លែងវាលស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋឡើយ ហើយបានធ្វើសកម្មភាព ស្ទាក់វាយដោយដៃទៅលើរូបនាង និងច្រានចូលក្នុងទឹកប្រឡាយទឹក រីឯម៉ូតូ ត្រូវជនសង្ស័យយកទៅបាត់ ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស គ្មានពន្ធ លេខតួ និងម៉ាស៊ីនមិនចាំទេ ។
បញ្ជាក់៖ ករណីវាយប្លន់យកម៉ូតូនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរក តែមិនប្រទះឃើញជនសង្ស័យខាងលើឡើយ ចំណែកនារីរងគ្រោះរបួសបន្តិចបន្តួច ត្រូវក្រុមគ្រួសារបញ្ជូនទៅពេទ្យ៕
មតិយោបល់