ព័ត៌មានជាតិ

ជាលើកទី២ហើយ កម្មករធ្វើការក្នុងការដ្ឋាន វាយយកថ្មនៅភ្នំខ្សាក ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ នៅស្រុកស្អាង

កណ្តាលៈ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចការដ្ឋានវាយថ្មភ្នំខ្សាក ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មានករណីកម្មករធ្វើការនៅការដ្ឋាន វាយយកថ្មនៅភ្នំខ្សាក ត្រូវខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ដែលនេះជាលើកទី២ហើយ។

ជនរងគ្រោះឈ្មោះ ចេង សម្ផស្ស ហៅភាស់ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ចូកផេះថ្មភ្នំ ស្រុកកំណើតនៅភូមិវ៉ារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សភាពរឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានមកកាន់ខ្សែភ្លើង ទើបបណ្ដាលឲ្យឆក់ប្រអប់ដៃខាងឆ្វេង ដួលទៅលើដី ភ្លាមៗនោះឈ្មោះភន ផាត ភេទប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាបងជីដូនមួយជនរងគ្រោះ) និងមិត្ដភត្ដិ ធ្វើការជាមួយគ្នា បានបញ្ជូនជនរងគ្រោះ ដោយម៉ូតូ មកដល់ពេទ្យបង្អែកស្រុកស្អាង តែជាអកុសលជនរងគ្រោះ បានស្លាប់ទៅហើយ។

ក្រោយពេលទទួលបានព័ត៌មាន កម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុក បានសហការជាមួយលោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យសាកសព ឃើញមានស្នាមខ្លោចប្រអប់ដៃខាងឆ្វេងចំនួន ០២កន្លែង ។

ការសន្និដ្ឋាន៖ ជនរងគ្រោះ ពិតជាត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់