ព័ត៌មានជាតិ

ជិះម៉ូតូឌូកមកឈប់ រួចបើកទ្វាររថយន្តចូលសំងំ សង្ស័យប៉ងលួច ម្ចាស់ឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់ បានជិះម៉ូតូឌូកមកឈប់ក្បែរថយន្ត កាមរីបាឡែនមួយគ្រឿង ហើយក៏ចុះដើរមកបើកទ្វារ ចូលក្នុងរថយន្តរួចបើកភ្លើង ពេលនោះ ម្ចាស់ឃើញទាន់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៏ ទី១២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះ លំនៅដ្ឋាន សុភមង្គល តាមបណ្តោយផ្លូវ លេខ១៩BT ហៅ (ផ្លូវតាផុន) ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឈឹម ឆៃយ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិក្ខាកាម នាយទាហានសកម្ម រស់នៅភូមិ ចម្រើនផល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្ចាស់រថយន្តសូមមិនបញ្ចេញឈ្មោះ។

យោងតាមសម្តីម្ចាស់រថយន្ត បានប្រាប់ថា ដំបូងឡើយពួកគាត់មានគ្នា៤ទៅ៥នាក់ បានអង្គុយផឹកស៊ី ជិតកន្លែងកើតហេតុ ខណ:កំពុងតែផឹកស៊ី ក៏ស្រាប់តែឃើញ ជនសង្ស័យម្នាក់ ជិះម៉ូតូឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1DB.0895 មកឈប់ក្បែររថយន្តរបស់គាត់ ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AT.6137 ដែលចតនៅកន្លែងកើតហេតុ ហើយជនសង្ស័យ ខាងលើ បានដើរមកជិតរថយន្តរបស់គាត់ ដោយចង់ដឹងគាត់ក៏បើកឡុកទ្វាររថយន្ត
ខណ:នោះជនសង្ស័យ ក៏បើកទ្វាររថយន្តរបស់គាត់ ចូលក្នុងបម្រុងលួចកាបូបលុយ ពួកគាត់ក៏ស្ទុះមកចាប់បាន និងសួរនាំ ដែលជនសង្ស័យធ្វើដូចជាមនុស្ស ប្រើសារធាតុញៀនហួសកម្រិត ឬសតិមិនគ្រប់ ព្រោះសួរលិចឆ្លើយកើត។

ដោយមានការ សង្ស័យម្ចាស់រថយន្ត បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យមកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីសួរនាំ និងដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់