Post News Media ព័ត៌មានជាតិ ជនជាតិម៉ាទ្បេ...

ជនជាតិម៉ាទ្បេស៊ីម្នាក់ ស្លាប់ដោយសារជំងឺធ្លាយពោះរៀនតូច នៅពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ០១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ DANNIS MATHA S VETHAMUTHU ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ១៩៥៨ ជនជាតិម៉ាទ្បេស៊ី កាន់លិខិតឆ្លងដែនលេខ A៥២១៦៩៥៣៨ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ ៥០៦ ប៊ូទិចឆាយទ្បុងអង្គរ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមការបំភ្លឺពីប្រពន្ធសាកសព បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ប្ដីរបស់គាត់មានសភាពឈឺធ្ងន់ធ្ងរពេញក្នុងពោះ បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ហើយក្រុមគ្រូពេទ្យ បានពិនិត្យមើលឃើញថា ជំងឺរបស់គាត់មានសភាពធ្ងន់ធ្ងរ ដែលមិនអាចព្យាលបាលបាន លុះដល់ម៉ោង១ រសៀលថ្ងៃដដែល ប្រពន្ធគាត់បានបញ្ជូនមកពេទ្យបង្អែកខេត្តសៀមរាប និងសម្រេចចិត្តធ្វើការវះកាត់ ដើម្បីឲ្យអស់ចិត្ត លុះដល់ម៉ោង ១ និង៥០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ប្ដីរបស់គាត់ក៏បានស្លាប់ទៅ គាត់បានបញ្ជាក់បន្ថែមថា កន្លងមកប្ដីគាត់ធ្លាប់បានធ្វើការវះកាត់រួចម្ដងមកហើយ។

តាមការពិនិត្យសាកសព នៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទ្បើយ។ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន ពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារជំងឺធ្លាយពោះវៀនតូច។

សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្ដោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារ៕