ព័ត៌មានជាតិ

រថយន្តសាំយ៉ុង តៃកុងងោកមួយភាំង រេចង្កូតបុកបង្គោលភ្លើង ធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ: រថយន្តសាំយ៉ុង ដឹកឥវ៉ាន់រោងចក្រមួយគ្រឿង តៃកុងងងុយដេក ងោកមួយភាំង បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលំ ធ្លាក់ចូលទាំងរថយន្ត ទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-9838 ដឹកឥវ៉ាន់រោងចក្រ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ជិះគ្នា៣នាក់ បើកបរដោយបុរសម្នាក់ រួមដំណើរស្ត្រី ២នាក់ ដឹកឥវ៉ាន់រោងចក្រ បើកបរក្នុងល្បឿនលឿន លើផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ធ្លាក់ ទាំងរថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ ។

ក្រោយកើតហេតុ ម្ចាស់នាំគ្នាជញ្ជូនលើកអីវ៉ាន់ ហើយនគរបាលមូលដ្ឋាន ចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុឃើញថា រថយន្តបង្កឲ្យប៉ះទ្រព្យសម្បត្តិរដ្ឋ ដោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ទើបប្រគល់រថយន្តឲ្យទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ស្ទូចលើកយកទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ ៕

មតិយោបល់