បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន ពីបទចាប់ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ រំលោភនៅនឹងផ្ទះរបស់ខ្លួនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដូត ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះជាមនុស្សសតិមិនល្អ ឈ្មោះ រនត អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។
លោកអធិការបានបន្តថា តាមការរៀបរាប់បំភ្លឺពីក្មេងស្រីរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុនាងបាននាំក្មេងស្រីម្នាក់ឈ្មោះ កាក់ វិមា ហៅ កាងឹត អាយុ០៣ឆ្នាំ ទៅបេះផ្លែត្របែកខាងជើងផ្ទះជនសង្ស័យ ពេលនោះឈ្មោះ ដូត ពៅ ដើរតាមផ្លូវឃើញនាងក៏ចាប់ទាញនាងចូលទៅក្នុងផ្ទះ ហើយចាប់អោបថើបមកលើខ្លួន ទោះខំរើបំរាស់ដែរតែរើមិនរួច បន្ទាប់មកបានធ្វើសកម្មភាពរំលោភនាងតែម្តង ។ ពេលធ្វើសកម្មភាពនោះក៏មានឈ្មោះ ឆាវ ឈួរ ភេទប្រុស អាយុ៤០ឆ្នាំ បានដើរចូលទៅក្នុងផ្ទះ ឃើញឈ្មោះ ដូត ពៅ កំពុងតែនៅលើខ្លួននាង ភ្លាមនោះគាត់ បានស្រែកថាធ្វើអីវ៉ើយ ទើបឈ្មោះ ដូត ពៅ បានក្រោកស្លៀកខោ ចំណែកខ្ញុំក៏ស្លៀកខោដែរ រួចក៏ដើរត្រលប់មកផ្ទះវិញ ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញព្រហ្មទណ្ឌសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណាំតៅ ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីសាកសួរអំពីរឿងហេតុ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសម្មភាព ចាប់ក្មេងស្រីរងគ្រោះទាញចូលក្នុងផ្ទះ រួចរំលោភពិតមែន ។
ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យនិងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យឈ្មោះ ដូត ពៅ បានបញ្ជូនខ្លួនទៅការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់