ព័ត៌មានជាតិ

ឪពុក​ម្តាយ​របស់​អ្នក​បើក​រថយន្ត​ថា កូន​ប្រុស​ខ្ញុំ​មិន​មែន​អ្នក​បង្កហេតុ​ទេ​ ហេតុ​អី​ត្រូវសមត្ថកិច្ច​ ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១៩​ នគរបាល​ចរាចរ​ណ៍ខេត្តព្រះសីហនុ សូម​បំភ្លឺ​ជូន​សាធារណជនជ្រាប​ អំពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​កើតឡើង​ កាល​ពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៩​ វេលា​ម៉ោង១១ និង៣០នាទី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣ នៅ​ផ្លូវ​ជាតិលេខ៤ ចំណោត​អូរត្រាវ​សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយ​ការ​ឃាត់ខ្លួន​អ្នក​បើក​បរ​ ឈ្មោះ​ សេង​ ភារៈ​ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​កំហុស​ចំនួន​បី​ ផ្សេង​ៗ​ គ្នា​ ៖
ទី​១.ឈ្មោះ សេង​ភារៈ​ គ្មាន​ប័ណ្ណ​បើក​បរ
ទី​២.បើក​វ៉ា​ជែង​ ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ​(តំបន់​ហាម​វ៉ា​)
ទី​៣.ធ្វើ​តេ​ស្ត​ទឹក​នោម​ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ កម្រិត​ធ្ងន់​ ទាំង​បី​ចំណុច​ខាងលើ​ សុទ្ធ​តែ​មាន​ទោស​ព្រហ្មទណ្ឌ។

រឿង​នេះ​ បង្ក​ឡើង​ដោយសារ​អ្នក​បើក​រថយន្ត STAREX ពណ៌ស ពាក់ស្លាកលេខ កំពត 2B-216 ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបររត់តាក់ស៊ី មាន​លំនៅ​ដ្ឋាន​នៅ​ភូមិល្បើក ស្រុកឈូក ខេត្តកំពត ដឹក​អ្នក​ដំណើរចំនួន៧នាក់ ( ស្រី ២នាក់ ) ពីខេត្តកំពត មកខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត​ បានវ៉ាជែងរថយន្តធុនធំ ១គ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាក​លេខភ្នំពេញ3D-0144 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ វ៉ា​មិនផុតរួចកៀរហើយបុករថយន្តធុនធំ ១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា​ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ3D-1142 បន្ទាប់មកបណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកគ្នាតែម្ដង ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ នៅនឹងកន្លែងកើតហេតុ និង​រង​របួស​ធ្ងន់​ស្រាល​មនុស្ស​មួយចំនួន​។

១-អ្នកបើកបររថយន្តធុនធំ ពាក់ស្លាកលេខភ្នំពេញ​3D-0144 គាបស្លាប់ ជាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្ត​ STAREX ចំនួន​២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ អ្នកបើកបររថយន្តបង្ក​មកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើ​តេ​ស្ត​ត្រួត​ពិនិត្យ​ឃើញ​មាន​កំហុស​បី​យ៉ាង​ដូច​ខាង​លើ​ ហើយ​បាន​កសាង​សំណុំរឿង​ តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕

មតិយោបល់