ព័ត៌មានជាតិ

ពលរដ្ឋនាំគ្នាមកសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ស្នើអាជ្ញាធរជួយអន្តរាគមន៍ ករណីក្រុមហ៊ុនផលិត ស្រាបៀរ Ganzberg បង្ហូរទឹកស្អុយជះក្លិន

ភ្នំពេញ: ឈឺធ្មេញ ឈឺមាត់ស្ទើរអត់ទ្រាំមិនបាន ចុះទម្រាំ «ក្លិនស្អុយ»? ប្រជាពលរដ្ឋដែលរស់នៅជិតនឹងទីតាំងផលិតស្រាបៀរ Ganzberg បាននាំគ្នាមកសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ឲ្យជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតស្រាបៀ Ganzberg បង្ហូរកាកសំណល់ និងទឹកស្អុយមកខាងក្រៅ ធ្វើឲ្យជះក្លិនពិបាកក្នុងការរស់នៅ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងមក អាជ្ញាធរខណ្ឌឫស្សីកែវ ដែលគេដឹងថា ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងមន្ត្រីជំនាញ ពាក់ព័ន្ធបានចុះទៅដល់ទីតាំងខាងលើ ហើយធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវធ្វើយ៉ាងណាលុបបំបាត់ក្លិនជះស្អុយ ដែលហូរចេញមកខាងក្រៅ កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តទៀត។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងផលិតស្រាបៀរ Ganzberg បានឲ្យដឹងថា ក្លិនជះភាយចេញពីទីតាំងខាងលើ បានធ្វើឱ្យពួកគាត់ពិបាក នឹងរស់នៅហើយជាពិសេសពិបាក ក្នុងការដកដង្ហើម ព្រោះវាមានក្លិនស្អុយខ្លាំងណាស់ ហើយនេះក៏មិនមែនជាលើកទី១ ដែលក្លិនជះភាយស្អុយ មកដល់នៅឋានរបស់ពួកគាត់ មានតាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌ តែនៅមិនបាត់ដដែល។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ថ្មីៗមកនេះ ក្រុមហ៊ុនបានប្រើកម្លាំង ឲ្យបូមទឹកដែលស្អុយចូលទៅក្នុង លូរយ:ពេលតាំងពីយប់រហូតមកដល់ព្រឹកថ្ងៃសុក្រទី ១១ ខែតុលា ២០១៩ ដើម្បីបញ្ចៀសការជះក្លិនមកលើលំនៅ ឋានរបស់ពួកគាត់។

លោក ផេង សេងតិច ផ្នែកទទួលខាងភ្លើងទឹករបស់ក្រុមហ៊ុន ganzberg បានថ្លែងឲ្យដឹងថា ដោយសារតែរីវ៉ូទឹកវាកម្ពស់ស្មើគ្នា រវាងទីតាំងបង្ហូរទៅប្រឡាយ និងប្រឡាយដែលនោះវាមានទឹកប្រហាក់ប្រហែលគ្នា ទើបធ្វើឲ្យទឹកស្អុយដែលបង្ហូរទៅនោះ វាច្រាលចេញមកខាងក្រៅ ហើយឥឡូវក្រុមហ៊ុន កំពុងតែរៀបចំតាមដែលអាជ្ញាធរចុះណែនាំ។

លោកស្ដើងម៉ានិតចៅសង្កាត់គីឡូម៉ែត្រលេខ 6 បានឲ្យដឹងថា ករណីខាងលើនេះ លោកអត់បានចុះទៅផ្ទាល់នោះទេ បានប្រើមន្ត្រីរបស់ខ្លួន ចុះជាមួយនឹងគណ:អភិបាលរងខណ្ឌ ហើយបើចង់ដឹងព័ត៌មានលម្អិត អាចសួរលោក ស៊ូ សោគន្ធដឹងហើយ។

ប្រជាពលរដ្ឋនៅតែអ្នកលើកឡើងទៀតថា ទោះបីជាក្រុមហ៊ុនស្រាបៀGanzberg ខាងលើ បូមទឹកហូរចេញមកខាងក្រៅយ៉ាងណាក្តី តែក្លិនស្អុយនៅតែជះភាយដដែល តែមិនខ្លាំងដូចលើកមុន ហើយចំពោះករណីនេះ មិន មែនជាលើកទីមួយនោះទេ ដែលក្លិនចេញពីខាងក្រុមហ៊ុនស្រាបៀរ ganzberg ហៀរហូរមកខាងក្រៅ ៕

មតិយោបល់