ភ្នំពេញៈ បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីយកដាវសាំម៉ូរ៉ៃ គំរាមកាប់សម្លាប់បុរសម្នាក់ទៀត ព្រោះតែខឹងគេជិះម៉ូតូកាត់មុខបន្ទប់ជួល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ព្រឿង ប៉ុណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ ៣៣ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ចំណែកជនសង្ស័យឈ្មោះ សេន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបប្អូនថ្លៃ ទៅធ្វើការរោងចក្រ លុះពេលត្រឡប់មកវិញ ក៏បានជិះកាត់មុខបន្ទប់ជួលជនសង្ស័យ ភ្លាមនោះជនសង្ស័យ ក៏ចេញពីបន្ទប់ រួចស្រែកចោទថា ជនរងគ្រោះ ជិះម៉ូតូបម្រុងបុកខ្លួន។
ប្រភពដដែល បានបន្តថា បន្ទាប់មកក៏ស្រែកថាឲ្យគ្នាទៅវិញទៅមក ក្រោយមកជនរងគ្រោះ ក៏ចូលក្នុងបន្ទប់រួចចាក់សោបន្ទប់ ចាក់គន្លឹះខាងក្នុងបាត់ ចំណែកជនសង្ស័យ បានរត់ចូលបន្ទប់ខ្លួន ទាញដាវសាំម៉ូរ៉ៃ មកធាក់ទ្វារជនរងគ្រោះ គំរាមកាប់សម្លាប់។
ក្រោយកើតហេតុប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់នគរបាល ឲ្យឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំភ្លាមៗតែម្តង៕
មតិយោបល់