ពោធិ៍សាត់ៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដសាំយ៉ុងមួយគ្រឿង បានដឹកទំនិញ ផ្ទុះកង់ក្រោយ ក្រឡាប់ផ្ងារជើង ច្រងាងចាក់ទំនិញរាយប៉ាយពេលផ្លូវជាតិលេខ៥ កាលពីម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលនាយប៉ុស្តិ៍ មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងធុនធំដឹកទំនិញ ប្រភេទសាំយ៉ុង ទេសចរមួយគ្រឿង ពណ៌ស ពាក់ស្លាក់ លេខពោធិ៍សាត់ 2A-09-36 បើកបរដោយឈ្មោះ ប្រាក់ សុភ័ក្រ អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពបានបន្ដថា រថយន្ដជួបគ្រោះថ្នាក់ខាងលើនេះ បើកបរក្នុងល្បឿនមធ្យម ស្របពេលដែលបើកមកដល់ត្រង់ ចំនុចគីឡូម៉ែត្រ លេខ១៤៦ នឹង១៤៧ក្នុងភូមិសាស្ត្រខាងលើ ក៏បានផ្ទុះកង់ក្រោយ ផ្នែកខាងស្ដាំ រេចង្កូត ចុះឡើងលើផ្លូវជាតិ រួចហើយក៏ក្រឡាប់ផ្ងារជើង ចាក់ទំនិញពេញផ្លូវតែម្ដង តែសំណាងល្អ ករណីនេះ មិនមាននរណាគ្រោះថ្នាក់ គឺគ្រាន់តែខូចខាតរថយន្ត នឹងទំនិញមួយចំនួនប៉ុណ្ណោះ។
ក្រោយកើតហេតុ នគរបាលសណ្ដាប់ធ្នាប់ស្រុកក្រគរ បានទៅដល់កន្លែងកើតហេតុដោយបានជួយអន្តរាគមន៍ សម្រួលចរាចរណ៍បញ្ចៀសការគ្រោះថ្នាក់ទៀត ដើម្បីឲ្យម្ចាស់រថយន្តស្ទូចចេញពីផ្លូវយកទៅជួសជុលប្រើប្រាស់ទៀត៕
មតិយោបល់