ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង ដឹកនាំដោយអាមេរិក វាយប្រហារសំដៅទៅលើក្បួនយោធាស៊ីរីនៅក្បែរទីក្រុង Raqqa

ស៊ីរីៈ អ្នកឃ្លាំមើលសង្រ្គាមក្នុងប្រទេសម្នាក់ បានរាយការណ៍ថា យន្តហោះចម្បាំង ដឹកនាំដោយអាមេរិក បានវាយប្រហារក្បួនរថយន្តរបស់កងទ័ពស៊ីរី នៅភាគខាងជើងក្បែរទីក្រុង Raqqa កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមានរបាយការណ៍ អំពីអ្នករងរបួស និងស្លាប់នោះទេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅទី១៤ ខែតុលា ឆ្នាំ២០១៩។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា យន្តហោះចម្បាំង បានតម្រង់គោលដៅ ទៅលើក្បួនយោធារបស់ស៊ីរី នៅក្នុងតំបន់ al-Rasafeh ភាគនិរតីនៃទីក្រុង Raqqa ខណៈក្បួនរថយន្ត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភូមិ Tabaqa ស្ថិតនៅភាគខាងលិចនៃទីក្រុង Raqqa។

ប្រភពដដែល បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមធ្វើសកម្មភាព ដើម្បីរារាំងការពង្រាយកងទ័ពរបស់ស៊ីរី នៅភាគខាងជើងប្រទេស។

តាមរយៈសេចក្តីថ្លែងការណ៍ បានឲ្យដឹងបន្ថែមទៀតថា កម្លាំងរដ្ឋាភិបាលស៊ីរី និងកម្លាំងឃឺដ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលមានការសម្របសម្រួល ដោយប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់តួកគី នៅភាគខាងជើងប្រទេសស៊ីរី។

ដោយកិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពស៊ីរី នៅតាមព្រំដែនរវាងស៊ីរី និងតួកគី ចាប់ពីទីក្រុង Ayn al-Arab ដែលត្រូវបានគេស្គាល់ឈ្មោះថា Kobane ស្ថិតនៅភាគខាងជើងទីក្រុង Aleppo រហូតដល់តំបន់ព្រំដែនស៊ីរី -អ៊ីរ៉ាក់ ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី៕

មតិយោបល់