ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ជាមេក្រុមចោរប្លន់ យ៉ាងសកម្ម ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនសិស្សសាលាម្នាក់ ជាមេក្រុមចោរប្លន់ ជំនាញខាងយប់ស្ងាត់ ឱកាសល្អ ធ្វើសកម្មភាពធាក់ប្លន់ ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ួយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលាឯកជននៅជម្ជូវ័ន សង្កាត់ចោមចៅ៣ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ប្រវត្តិនៃសកម្មភាពប្លន់ ជាសមាសភាពចូលរួមបក្ខពួក ជាសិស្សសាលាដូចគ្នា ធ្វើសកម្មភាពប្លន់ច្រើនលើកមកហើយ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខេត្តកំពង់ស្ពឺ នេះបើតាមចម្លើយសារភាព គាត់មានអាយុត្រឹមតែ១៧ឆ្នាំទេ តែជាលោកបងប្រធានក្រុមចោរប្លន់ ហើយជាអ្នកធ្វើសកម្មភាពផ្ទាល់តែម្តង ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ក្រោយពីក្រុមជនសង្ស័យ ធ្វើសកម្មភាពប្លន់២លើកផ្ទួនៗគ្នា នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ សមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់សរុប៥នាក់ហើយ ក្រុមដៃដល់៣នាក់ ទទួលផលចោរកម្ម២នាក់ ហើយនៅមានបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាំសហការចូលទៅចាប់ដល់ក្នុងសាលា ដល់ផ្ទះតែម្តង ។

ជនសង្ស័យចាប់ខ្លួនលើកទី៥នេះ ត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង សិស្សសាលាជាចោរប្លន់ ទៅតុលាការ៕

ហើយនៅយប់ថ្ងៃដដែល ម្តាយរបស់ជនសង្ស័យខ្លាចកូនប្រុសសំណព្វ ជាចោរប្លន់អត់បាយហូប ខិតខំប្រឹងប្រែងចម្អិនម្ហូប ខ្ចប់បាយទឹកជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-4036 ធ្វើដំណើរស្កាត់យកបាយផ្គត់ផ្គង់ បំប៉នកូន នៅផ្នែកជំនាញខណ្ឌ គ្រាន់តែទៅដល់ ស្របពេលដែលកម្លាំងជំនាញកំពុងសាកសួរ ជុំវិញមធ្យោបាយជិះដើរធ្វើសកម្មភាព គ្រាន់តែឃើញម៉ូតូ ម្តាយជិះទៅដល់ ជនសង្ស័យចង្អុលបង្ហាញថាម៉ូតូមួយគ្រឿងហ្នឹងហើយដែលរូបគេ ឌុបបក្ខពួកដើរប្លន់ ប៉ូលិសឃាត់ម៉ូតូមួយគ្រឿងខាងលើ ជារបស់ចោរជិះដើរប្លន់ ទុកធ្វើកំណត់ហេតុដាក់បញ្ចូលក្នុងសំណុំរឿងបន្ថែមទៀត៕

មតិយោបល់