អូស្ត្រាលីៈ អ្នកជំនាញខាងគោមហោះម្នាក់បានត្រឡប់មកដល់ផែនដីយើងវិញហើយក្រោយពេលបានធ្វើដំណើរជាង៣៤.០០០គីឡូម៉ែត្រេ ជុំវិញពិភពលោក ឆ្លងកាត់ព្យុះភ្លឿង ក្តៅរងារ ក្នុងរយៈពេល ១១ថ្ងៃនិង ៦ម៉ោង ក្រោយថ្ងៃចេញដំណើរ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះ។
មន្រ្តីបាននិយាយថា អ្នកជំនាញគោមហោះជនជាតិរុស្ស៊ី អាយុ ៦៥ឆ្នាំបានត្រឡប់មកកាន់ផែនដីវិញហើយ ដោយបានបន្លឺសូរក្តុក នៅតំបន់ដាច់ស្រយាលនៃប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍បន្ទាប់ពីអះអាងថាវាជាកំណត់ត្រាថ្មីមួយ(បំបែកឯតទគ្គកម្ម) ដោយការហោះទោល ទៅជុំវិញពិភពលោក ដោយមិនឈប់នៅក្នុងរយះពេល ១១ ថ្ងៃ ៦ម៉ោង ។
អ្នកសម្របសម្រួលការហោះហើរ John Wallington បានឱ្យដឹងថាលោក Fedor Konyukhov បានចុះចតនៅចម្ងាយ ១៦០ គីឡូម៉ែត្រភាគខាងកើតនៃក្រុង Northam ជាកន្លែងដែលគាត់បានចាប់ផ្តើមចេញដំណើរកាលពីថ្ងៃទី ១២ ខែកក្កដា ។
Wallington បាននិយាយពីកន្លែងចុះចតថា “គាត់អស្ចារ្យ គាត់សប្បាយរីករាយ ដែលគាត់បានចុះចត គាត់មានសុវត្ថិភាព ” ។ “វាពិតជាអស្ចារ្យមែន”។លោកបន្ថែមថា “កំណត់ត្រាពិភពលោកត្រូវបានបំបែកហើយ មនុស្សគ្រប់រូបមានសុវត្ថិភាព អ្វីៗល្អទាំងអស់ វាជាការអស្ចារ្យណាស់”។
សូមបញ្ជាក់ថា បាឡុងឈ្មោះ “gondola Konyukhov” ជាប្រអប់កាបូន កម្ពស់២ម៉ែត្រ ប្រវែង ២ម៉ែត្រ និងមានទំហំ១,៨ ម៉ែត្រ ទម្ងន់ ១,៦តោនតោន ពេលចុះប៉ះដីបានលោតឡើងលើពីរដងកម្ពស់២០០ ម៉ែត្រក្នុងទីវាល។គោមនេះហោះហើរក្នុងល្បឿន ២៤០ គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងរយៈកម្ពស់រហូតដល់ទៅ១០.៦១៤ម៉ែត្រ ក្នុងចម្ងាយ ៣៤.០០០គីឡូម៉ែត្រ ហើយកន្លែងខ្លះស៊ីតុណ្ហភាពត្រជាក់ខ្លាំងដល់ដក៥០(-៥០)អង្សាសេ ប៉ុន្តែអ្នកជំនាញវ័យចំណាស់រូបនេះនៅតែទ្រាំបាន និងត្រឡប់មកវីញដោយសុវត្ថិភាព៕
មតិយោបល់