ព័ត៌មានជាតិ

រថយន្ត និងម៉ូតូបុកគ្នា ជ្រុលមកបុកមនុស្សនៅចិញ្ចើមផ្លូវថែមទៀតបណ្តាលឲ្យរបួសធ្ងន់

ព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងរវាងរថយន្តម៉ាក លុចស៊ីសពណ៌ខ្មៅមួយគ្រឿង បានបុកម៉ូតូពីរគ្រឿងទៀត រួចក៏ជ្រុលទៅបុកបុរសម្នាក់នៅឈរចិញ្ចើមផ្លូវបណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៨ ភូូមិឆ្កែកូន ឃុំ ជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយរថយន្តម៉ាកលិចសុីស300 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2M9694 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ខ្មៅបានបត់ស្តាំ ក្រោយមករថយន្តលុចស៊ីសមកដល់បានបុក រួចទៅបុកម៉ូតូមួយគ្រឿងទៀត ហើយក៏ជ្រុលទៅបុកបុរសម្នាក់ឈរនៅចិញ្ចើមផ្លូវបណ្តាលឲ្យរបួសទាំងអស់គ្នា ចុងក្រោយកុំតែបានបង្គោលគីឡូម៉ែត្រជួយទប់ជាប់ កុំអីមិនដឹងជាបុកមនុស្សប៉ុន្មាននាក់ទៀតនោះទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដែលមានសរសេរអក្សរនៅខាងក្រោយរថយន្តថា ឈ្មោះ ថេង នាត រត់តាក់សុី កាសុីណូត្រពាំងផ្លុង ជីមាន់ ស្ទឹង ភ្នំពេញ។ ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់