អ្នកគាំទ្រក្រុមតាលីបង់រាប់ពាន់នាក់ កាលពីថ្ងៃអង្គារម្សិលមិញ បានចេញមកតាមផ្លូវនានាក្នុងទីក្រុងកាន់ដាហា (Kandahar) ដែលជាកន្លែងចាប់កំណើតនៃចលនាអ៊ីស្លាមនេះ ដោយពួកគេធ្វើការគ្រវីទង់ជាតិ និងស្រែកពាក្យថា «ព្រះអស្ចារ្យណាស់» នៅក្នុងពិធីអបអរមួយដែលសហរដ្ឋអាមេរិក បានចាកចេញពីអាហ្វហ្គានីស្ថាន។ នេះបើយោងទៅលើការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
រថយន្តជាច្រើនគ្រឿងដែលចុចស៊ីប្លេផងនោះ បានមកប្រមូលផ្តុំគ្នាក្នុងទីលានប្រមូលផ្តុំដ៏សំខាន់មួយនៅទីក្រុងធំទី២របស់អាហ្វហ្គានីស្ថាន ស្របពេលដែលក្រុមមនុស្សបានអបអរដោយសំឡេងសប្បាយរីករាយចំពោះការដកកងទ័ពអាមេរិកចុងក្រោយចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមអស់រយៈពេល២០ឆ្នាំមក។
ទីក្រុង Kandahar គឺជាបេះដូងនៃក្រុមជនជាតិភាគតិច Pashtun របស់ក្រុមតាលីបង់ ដែលនៅទីនោះក្រុមនេះ ត្រូវបានបង្កើតឡើងហើយបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៦នោះ។ នៅឆ្នាំ២០០១ នៅពេលដែលកងកម្លាំងបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចូលក្នុងអាហ្វហ្គានីស្ថាន ក្រុមតាលីបង់ បានដណ្តើមកាន់កាប់គ្រប់គ្រងទឹកដីស្ទើរទាំងស្រុង។
ទីក្រុង Kandahar ជាទីដែលមេដឹកនាំជាន់ខ្ពស់តាលីបង់ដ៏អាថ៌កំបាំងមួយរូប គឺលោក Hibatullah Akhundzada កំពុងរស់នៅ ក្រោយការលាក់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមក។ នេះបើតាមការឲ្យដឹងរបស់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ។
ក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមពីទីលាន Shaheedan បុរសម្នាក់ដែលមានឈ្មោះថា Abdullah និយាយថា «ថ្ងៃនេះជាថ្ងៃឯករាជ្យជាតិរបស់អាហ្វហ្គានីស្ថានដែលដឹកនាំដោយក្រុមអ៊ីស្លាម។ យើងសូមអបអរសាទរដល់បងប្អូនមូស្លីម និងប្រទេសអាហ្វហ្គានីស្ថានទាំងមូល។ យើងបានលើកទង់ព្យាការី Muhammad ហើយយើងនឹងលើកទង់ជាតិនេះ នៅក្នុងពិភពលោកទាំងមូល»។
អ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឃើញហ្វូងមនុស្សដែលជាអ្នកគាំទ្រក្រុមតាលីបង់ដែលមកពីភូមិក្បែៗនោះ ធ្វើដំណើរយ៉ាងណែនណាន់ទៅកាន់ទីក្រុង Kandahar ភាគខាងត្បូង បន្ទាប់ពីមានព័ត៌មាននៃការចាកចេញរបស់កងទ័ពអាមេរិកមក។
«យើងបានយកឈ្នះមហាអំណាច។ អាហ្វហ្គានីស្ថាន ជាកន្លែងកប់ខ្មោចពួកមហាអំណាច»។ ពួកអ្នកគាំទ្រតាលីបង់បានស្រែកយ៉ាងដូចនេះចេញពីឡាន និងមូតូរបស់គេ ស្របពេលដែលគេ បានបើកជុំវិញទីក្រុងនៅក្រោមកំដៅថ្ងៃដោយមានបង្ហាញកាំភ្លើងយន្តស្វ័យប្រវត្តិរបស់គេផងដែរ៕
មតិយោបល់