ភ្នំពេញៈ បុរសម្នាក់បើករថន្តបំរុងចូលទៅកាត់សក់ ខណៈពេលមកដល់មុខហាងក៏ជាន់ហ្គារថយន្តបុករះចូលទៅក្នុងហាង បណ្តាលឲ្យជាងកាត់សក់ប្រុសស្រី ៣នាក់ រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចហាងកាត់សក់សម័យទំនើប តាមបណ្តោយផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ
ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះរថយន្តមួយគ្រឿងម៉ាក Camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5868 បើកបរពីទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុមុខហាងកាត់សក់អ្នកបើកបរបំរុង និងបត់រថយន្តចូលចតដើម្បីចូលកាត់សក់ សង្ស័យជាន់ហ្គាច្រលំស្មានថា ជាហ្រ្វាំងបានបើកចូលទៅក្នុងហាងកាត់សក់ខាងលើទាំងកំរោល បណ្តាលឲ្យបុកជាងកាត់សក់ប្រុសស្រី ៣នាក់ រងរបួសធ្ងន់ និងស្រាល ខូចខាតសម្ភារះនៅក្នុងហាងអស់មួយចំនួនធំ។
ក្រោយពេលកើតហេតុសនត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគរ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ បានចុះមកឃាត់ជនបង្ក និងរថយន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕
មតិយោបល់