ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យ បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលក់គ្រឿងសង្ហារឹម តាមបណ្តោយផ្លូវព្រះសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា ដោយទទួលបាលព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការណ៍មកកាន់លេខទូរស័ព្ទបន្ទាន់របស់ការិយាល័យ ដោយបានបញ្ជាក់ថា មានករណីគ្រោះអគ្គិភ័យនៅចំណុចស្តុបចម្ការមន ឆេះផ្ទះលក់គ្រឿងតុទូ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក លោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅក្នុងរាជធានីភ្នំពេញ ធ្វើការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលាម៉ោង ។
លោកនាយការិយាល័យ បានបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយក្នុងនោះធ្វើឲ្យខូចខាតអស់ផ្ទះចំនួន២ខ្នងទាំងស្រុង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ប្រហែល ២០% ចំនួន ៣ខ្នង ដែលសង់អំពីថ្មបេតុង ទំហំ ៤.២ម៉ែត្រ x ២០ម៉ែត្រ ។
សូមបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១៥ឡាន ស្មើនឹង៤៦០ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍មកពី រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តរបស់កងរាជអាវុធហត្ថ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តទីក្រុងកោះនរា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ។ ចំពោះករណីអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតឡើយ ៕
មតិយោបល់