ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រាប់ Post News ថា នៅវេលាម៉ោង ៣ និង២០នាទីជិតភ្លឺឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ជិះម៉ូតូម៉ាកឌុក ស្លាកលេខភ្នំពេញ 1CS-6660 ស៊េរីឆ្នាំ២០១៥ ស្រវឹងស្រាខ្លាំងពេក ក៏បានឈប់ម៉ូតូដេកមុខផ្ទះពលរដ្ឋ ហើយត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍អូរឬស្សីទី៣ ប៉ុន្តែត្រូវបានមន្ត្រីប៉ូលិសឆ្លើយដាក់គ្នា រុញឲ្យទៅប្ដឹងនៅប៉ុស្តិ៍មនោរម្យវិញ ធ្វើឲ្យជនរងគ្រោះ អស់សង្ឃឹមទៅលើសមត្ថកិច្ច ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ពីបញ្ហាពលរដ្ឋទាល់តែសោះ។
ជាពិសេសពលរដ្ឋ សំណូមពរទៅលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ឲ្យជួយមើលមន្ត្រីក្រោមឱវាទផង មេត្តាមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋ ខណៈពួកគាត់បាត់របស់ហើយ ទៅប្ដឹងមន្ត្រីប៉ូលិសហាក់មិនអើពើ សូមឲ្យលោកជួយចាត់វិធានការផង កុំឲ្យកើតរឿងដដែលៗបែបនេះទៀត៕
មតិយោបល់