តាកែវៈ យោងតាមផេកទូរទស្សន៍គោកធ្លក ខេត្តតាកែវបានឲ្យដឹងថា លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ដឹកនាំ លោកអនុប្រធានមន្ទីរ និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានសហការជាមួយ រដ្ឋបាលស្រុកសំរោង និងមន្រ្តីជំនាញ រួមជាមួយ កងកម្លាំងសមត្ថកិច្ចស្រុក បានចុះធ្វើការរុះរើផ្ទាំងអាហ្វីស ស្លាកយីហោ ផ្ទាំងប៉ាណូ របាកាត់ទទឹងផ្លូវ ដែលបានផ្សាព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលពុំបានចុះបញ្ជីសុំសិទ្ធផ្សព្វផ្សាយពាណិជ្ជកម្ម និងពុំមានច្បាប់ត្រឹមត្រូវនៅតាមទីសាធារណៈ ក្នុងភូមិសាស្រ្តស្រុកសំរោង។
បើយោងតាមការបញ្ជាក់ពីលោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្ត បានឲ្យដឹងថា ការចុះមកធ្វើការរុះរើស្លាកយីហោទាំងនេះ គឺយើងចុះមករុះរើស្លាកយីហោ ណាដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះ។ហើយកន្លងមកមន្រ្តី បានធ្វើការសេចក្ដីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនទាំងនោះ ឲ្យមកទទួលសេវាសុំសិទ្ធលើកផ្ទាំងផ្សព្វ ផ្សាយពាណិជ្ជកម្ម នៅមន្ទីរព័ត៌មានខេត្ត ច្រកចេញ
ចូលតែមួយ ក្រុង ស្រុក និងច្រកចេញចូលតែមួយសាលាខេត្តតាកែវ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែក្រុមហ៊ុនមួយចំនួន បានចូលមកសុំសិទ្ធនិងចុះបញ្ជីរួចហើយ ហើយនៅមួយចំនួនទៀតមិនទាន់បានមកទទួលសេវានេះនៅឡើយទេ។
លោកប្រធានមន្ទីរព័ត៌មានខេត្ត បានបន្តថា ចំពោះការចុះបញ្ជី ការសុំច្បាប់អនុញ្ញាតិ លើកស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ គឺមន្ទីរព័ត៌មានមានកាតព្វកិច្ចគ្រប់គ្រង និងប្រមូលពន្ធជូនរដ្ឋ ទៅតាមទំហំស្លាកយីហោនីមួយៗ ហើយបើសិនជាការសុំលើកស្លាកយីហោផ្ទាំងផ្សាយពាណិជ្ជកម្មទាំងអស់ ម្ចាស់ទីតាំងណា មិនបានចូលមកសុំច្បាប់អនុញ្ញាត ឬចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្តនោះទេ មន្ទីរនឹងសុំគោលការណ៍ទៅរដ្ឋបាលសាលាខេត្ត ដើម្បីសុំការអនុញ្ញាតចុះទៅរុះរើ ឬកាត់ចោលតែម្ដង ហើយបើមានការតវ៉ាមិន ព្រមឲ្យរុះរើ និងចាត់វិធានការណ៍តាមផ្លូវច្បាប់តែម្ដង។
លោក អៀម ថៃ បានបន្ថែមទៀតថា ចំពោះស្លាកយីហោផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានទីតាំងភូមិសាស្រ្តនៅខេត្តតាកែវ មិនទាន់មានច្បាប់អនុញ្ញាតិត្រឹមត្រូវ សូមមកទទួលសេវានេះ នៅមន្ទីរព័ត៌មានខេត្តតាកែវនិងការិយាល័យព័ត៌មានក្រុង ស្រុក ឬច្រកចេញចូលតែមួយ ក្រុង ស្រុក និងច្រកចេញចូលតែមួយសាលាខេត្តតាកែវ ហើយចំពោះការសុំសិទ្ធ និងចុះបញ្ជីសុំច្បាប់អនុញ្ញាតនេះ គឺធ្វើឡើងទៅតាម ទំហំ និងទីតាំងភូមិសាស្រ្តដែលខ្លួនបានស្នើសុំ ៕
មតិយោបល់