ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញបានចុះត្រួតពិនិត្យបណ្ដាស្ថានីយដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៥ទីតាំង ស្ថិតខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើ កម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សន្ទស្សន៍សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ប្រេងឥន្ធនៈ ព្រមទាំងតម្លៃ របស់ស្ថានីយដេប៉ូចែកចាយទាំង ៥ទីតាំងផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ស្ថានីយដេប៉ូចំនួន ១ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បើរកឃើញកំហុសលើកទី២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់