សៀមរាបៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ចំណុចមុខអាគារ The Brigh (ខាងត្បូងស្ថានទូតអូស្រ្តាលី) រាជធានីភ្នំពេញ លើជនបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីការទិញពេស្យាចារលើកុមារ ប្រព្រឹត្តទៅកាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ហើយគេចខ្លួនទៅភ្នំពេញ។
នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ ROMAN BAK TIGZIH ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់