ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នារីរូបស្រស់២នាក់ បើករថយន្តស៊េរីទំនើប២ គ្រឿងប្រដេញគ្នា ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ដព្រូស មួយគ្រឿងទៀត បន្តកន្ទុយគ្នាពេញទំហឹង កាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសណ្ឋាគារណាហ្សាតូ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ នារីម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 2B-7098 ដោយធ្វើដំណើរចេញពីខាងក្នុងសណ្ឋាគារណាហ្សាតូ បត់ស្តាំទៅទិសខាងត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ បំណងឆ្ពោះទៅផ្លូវរង្វង់មូលព្រហ្មមុខបួន។

ខណ:នោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1565 បើកបរដោយនារីម្នាក់ ក្នុងល្បឿយ៉ាងលឿន ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ។ មកដល់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តព្រូសពីក្រោយពេញទំហឹង អំទ្បុងពេលនោះដែលក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកPORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-3339 បើកបរដោយនារីម្នាក់ ប្រដេញតាមពីក្រោយរថយន្តកាមរីហាយប្រ៊ីតខាងលើ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីតបន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីហាយប្រ៊ីតវិលក្បាលត្រលប់ក្រោយ រងការខូចខាតក្រពឹត ទាំងខាងមុខ និងខាងក្រោយយ៉ាងដំណំ។ ចំណែកឯរថយន្ត PORSCHE បានខូចខាតមួយកំណាត់ខាងមុខ រីឯរថយន្តព្រូស ខូចខាតក្រពឹតផ្នែកខាងក្រោយ យ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ភ្លាមៗនោះអ្នកបើករថយន្តកាមរីហាយប្រ៊ីត និងអ្នកបើកបររថយន្ត PORSCHE បានចុះពីលើរថយន្ត រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងបីគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់