ព័ត៌មានជាតិ

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនធំៗពីររបស់យោធាមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ាន

 

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងមីយ៉ាន់ម៉ា ដោយមានគោលដៅលើក្រុមហ៊ុនរដ្ឋចំនួន ០២ ស្របពេលដែលយោធាមីយ៉ាន់ម៉ា នៅតែមិនបង្អង់ដៃក្នុងការបង្រ្កាបក្រុមបាតុករ។ ការប្រកាសដាក់ទណ្ឌកម្មបន្ថែមនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹង ថ្នាក់ដឹកនាំអាស៊ានត្រូវចូលរួមក្នុងកិច្ចប្រជុំនៅឯទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដើម្បីពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា។

 

បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ក្រុមហ៊ុនរដ្ឋចំនួនពីររបស់មីយ៉ាន់ម៉ាត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមាន សហគ្រាសកែច្នៃ-នាំចេញឈើមីយ៉ាន់ម៉ា (Myanmar Timber Enterprise) និងក្រុមហ៊ុនរកស៊ីត្បូងមានតម្លៃ Myanmar Pearl Enterprise ហើយក៏បានបន្ថែមថា ឧស្សាហកម្មគជ់ និងឈើនេះ គឺជាប្រភពធនធានសេដ្ឋកិច្ចចម្បងមួយ សម្រាប់យោធាមីយ៉ាន់ម៉ា។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានបន្តថា ទណ្ឌកម្មថ្មីនេះបង្ហាញពីការបន្តប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីសម្តែងការប្រឆាំងចំពោះរដ្ឋប្រហារ និងអំពើហិង្សានៅមីយ៉ាន់ម៉ា៕

AFP៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់