ព័ត៌មានជាតិ

រថយន្តកូរ៉េ៥តោន បើកបុករថភ្លើងដឹកស៊ីទែនប្រេង ខ្ទាតទៅប៉ះរថយន្តពីរគ្រឿងទៀត រងការខូចខាត

ភ្នំពេញៈ រថភ្លើងដឹកស៊ីទែនប្រេងមួយខ្សែ ធ្វើដំណើរឆ្លងកាត់ផ្លូវ ដោយមិនបានទាញប៉ារ៉ាសបិទផ្លូវ ក៏ត្រូវរថយន្តកូរ៉េ៥តោនដឹកប្រេងឆា បុកពេញទំហឹង ហើយរអិលថយក្រោយទៅបុករថយន្ត២គ្រឿងទៀត ដែលនៅក្នុងយន្តដ្ឋាន ជួសជុលរថយន្ត «នួនពឿន» បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយកែង និងផ្លូវរថភ្លើងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងមួយខ្សែ ដឹកស៊ីទែនប្រេង ធ្វើដំណើរចេញពីស្ថានីយ៍រថភ្លើងភ្នំពេញ បំណងឆ្ពោះទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុ រថភ្លើងក៏បានបើក ឆ្លងកាត់ផ្លូវហាណូយ ដោយបានចុចស៊ីផ្លេរជាសញ្ញា ប៉ុន្តែមិនបានទាញប៉ារ៉ាស បិទផ្លូវនោះទេ។

ខណៈនោះស្រាប់តែមានរថយន្តកូរ៉េ៥តោន ដឹកប្រេងឆាមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក2937ភព២ បើកបរដោយបុរស៣នាក់ តាមបណ្តោយ ផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿយ៉ាងលឿន ក៏ជ្រុលទៅបុកក្បាលម៉ាស៊ីន រថភ្លើងចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ ដែលតៃកុងនិងព្រូរងរបួសធ្ងន់ ចំណែករថយន្តបាន រងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ និងធ្លាក់កាដុងប្រេងឆាបែកហូរពេញផ្លូវ។ បន្ទាប់មករថយន្តខាងលើ ក៏បានរអិលថយក្រោយរេ ទៅបុកទម្លុះទ្វារសង្ក័កសីយន្តដ្ឋាន ជួសជុលរថយន្តយីហោ «នួនពឿន» បណ្តាលឲ្យបុករថយន្ត ម៉ាកលុចស៊ីស LX470 មួយគ្រឿង និងរថយន្តម៉ាកស្តារិចមួយគ្រឿង ដែលស្ថិតនៅខាងក្នុងយន្តដ្ឋាន ជួសជុលខាងលើ រងការខូចខាតក្រពឹតផ្នែកខាងក្រោយទាំង២គ្រឿង។

ដោយឡែកក្បាលម៉ាស៊ីនរថភ្លើង បានរងការខូចខាតវៀច និងដាច់ទុយយោខ្យល់បញ្ឆេះ លែងឆេះ។ ក្រោយមកក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន បានមកដឹកយក បុរសរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯរថភ្លើង ក៏បានបើកវិលចូល ក្នុងស្ថានីយ៍រថភ្លើងភ្នំពេញវិញ បន្សល់ទុកតែរថយន្តខាងលើ នៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ហើយបានទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់