ព័ត៌មានជាតិ

Update​៖ តែមួយពព្រិចភ្នែកសោះ រថយន្តកុងតឺន័រ ឆក់យកជីវិតមនុស្ស ២នាក់ ធ្វើឲ្យសាច់ញាតិទួញសោក

ភ្នំពេញ: នៅវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួលពង្រ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីប្រុសស្រី២នាក់ សង្ស័យជិះម៉ូតូទាក់ ដៃចង្កូតគ្នា បណ្តាលឲ្យដួលខ្ទាត មនុស្សចូលកង់រថយន្ត កុងតឺន័រខាងក្រោយ កិនស្លាប់យ៉ាងអាណោចអាធម័ ។

សពរងគ្រោះឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង (បាក់.កស្លាប់ ជាអ្នកឌុប) អ្នកជិះខាងក្រោយ មានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋាន នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ត្រូវរថយន្តកិនបែកក្បាល និងខ្លួនខ្ទេច បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង) អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HO.5624 ចំណែករថយន្ត កុងតឺន័រ ដែលកិនជនរងគ្រោះ បានបើករត់បាត់ស្រមោល។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ប្រុសស្រី២នាក់ បើកម៉ូតូហុងដា ប៊ិត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលចូលកង់រថយន្ត កុងតឺន័រ កិនចំពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗទាំងពីរនាក់។ ភ្លាមៗនោះ រថយន្តកុងតឺន័រ បានព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុ ចំណែកឯម៉ូតូម្ខាងទៀតបាន បើកចេញពីកន្លែងកើតហេតុ ទៅបាត់ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចុះវាស់វែង យកម៉ូតូរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិមកទទួល យកនៅពេលក្រោយ ចំណែសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់