ព័ត៌មានជាតិ

លុចស៊ីស GS300 ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់៣កង់ និងវៀចចេញពីជួរ ៣កង់ទៀត នៅជិតរង្វង់មូលចោមចៅ

ភ្នំពេញ: បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូង ផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ និងវៀចចេញពីជួរចំនួន៣កង់បន្ថែមទៀត ចំណែករថយន្តបែកធុងទឹកទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងកាលវេលា ម៉ោង១១និង៣០នាទីយប់ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចជិតរង្វង់ មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើកទ្វារ ចុះរត់បាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើក រថយន្ដម៉ាកលុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9108 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ និង វៀចចេញពីជួរចំនួន៣កង់បន្ថែមទៀត ។

ដោយទ្បែករថយន្តបង្ក វិលក្បាលមួយជុំខ្ទេចផ្នែកខាងមុខទៅមុខលែង រួច តែសំណាងល្អ មិនមានអ្នកណារងរបួសនោះទេ មួយសន្ទុះក្រោយមក អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្តចុះ រួចគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ វាស់វែង និងស្ទូចយក រថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់