កំពង់ចាមៈ អគ្គិសនីកំពង់ចាម បានផ្ដាច់ភ្លើងដើម្បីធ្វើការជួសជុលបង្គោលភ្លើងនៅក្នុងក្រុងកំពង់ចាម បន្ទាប់ពីរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង បើកបំបោលទៅបុកបង្គោលភ្លើងមួយដើម ស្ថិតនៅជិតរង្វង់មូលស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម។
អគ្គិសនីកំពង់ចាម ចេញផ្សាយនៅមុននេះបន្តិចថា នៅវេលាម៉ោង១៖១៥នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ មានរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង បានបើកទៅបុកបង្គោលភ្លើង BT លេខ១៣៤ ប៉ុស្ដិ៍ S-០១ បណ្ដាលឲ្យបាក់ និងដាច់ចរន្តអគ្គិសនី។
បច្ចុប្បន្ន ក្រុមយាមប្រចាំការអង្គភាពអគ្គិសនីកំពង់ចាម បានចុះទៅពិនិត្យ និងធ្វើការបិទភ្លើងមួយរយៈ ដើម្បីជួសជុល។ អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនស្ថិតក្នុងតំបន់ S-01 ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ៕
មតិយោបល់