សៀមរាបៈ មានការរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចពាក់ព័ន្ធក្រុងខេត្តសៀមរាបថា បានបណ្ដែតបណ្ដោយឲ្យមានបនល្បែង បង្កប់តាម ប្រព័ន្ធ អនឡាញ អ៊ិនធើណែត ជាច្រើនកន្លែង នៅក្រុងសៀមរាប ត្រូវបានពលរដ្ឋលើកឡើងថា នាំឲ្យមាន អំពើចោរកម្ម កើតមានឡើង ជាបន្តបន្ទាប់ និងគួរឲ្យភ័យខ្លាចបំផុត។
បើតាមប្រភពពីអ្នកធ្លាប់ចូលទៅលេងបានឲ្យដឹងថា តាមអ៊ិនធើណែត ជាច្រើន នៅក្នុងក្រុង សៀមរាប មានបង្កប់ល្បែង ស៊ីសង យ៉ាងអនាធិបតេយ្យ។ ក្នុងនោះមានដូច ល្បែង បាការ៉ាត់ ប៉ក់៣សន្លឹក….និងភ្លាល់បាល់ ជាដើម។
មតិសាធារណជនបានលើកឡើងថា ម្ចាស់ល្បែង ទាំងនោះ ជាសមត្ថកិច្ច ឬជាខ្សែ សមត្ថកិច្ច មួយចំនួន ដែលចាំកាង នៅពីក្រោយខ្នង ទើបការ អនុវត្ត បង្ក្រាបល្បែងស៊ីសង ហាក់មិនមាន បោះជំហាន ទៅមុខ នៅតែដដែលៗ។ ល្បែងស៊ីសង ទាំងនោះ ត្រូវបាន គេបង្ហាញថា ជាល្បែងតាម អនឡាញ អ៊ិនធើណេត ដែលភាគ ច្រើនគេ ដាក់យីហោ ២៤ម៉ោង។ ទោះបីជា មានល្បែងបង្កប់យ៉ាងនេះ ក្ដីអាជ្ញាធរ និងសមត្ថកិច្ច នៅមិនទាន់ បង្ហាញពីស្នាដៃ បង្ក្រាបតាម បទបញ្ជា របស់ថ្នាក់លើ នោះទេ។
សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ទីតាំងល្បែង ស៊ីសង ជ្រកក្រោម ស្លាកអ៊ិនធើណែត នោះទី ១នៅជាប់លីកាស៊ី ខារ៉ាអូខេ ផ្លូវហ្វីលីង (៧៧៧ Net) ទី២ផ្លូវផ្សារញ៉ែ ខាងត្បូងស្តុបទន្លេសាប(៩៩) ទី៣ផ្លូវបារបាក់ខែង (P.H ២៤) ទី៤ផ្លូវផ្សារញ៉ែ ខាងត្បូងស្តុប ទន្លេសាប(៨៨ណេត) ទី៥ផ្លូវតាភុល ទី៦ផ្លូវតាភុល(៨៨៨៨) ទី៧ផ្លូវតាភុល (អេមណិត) ទី៩ផ្លូវ លោកតាខៀវណើយ និងក្រោយ គ្លីនិកនាគទេព ក្នុងនោះក៏មាន ទីតាំងមួយ ចំនួនទៀតផងដែរ។
អ្នកព័ត៌មានយើង នៅមិនទាន់ទទួលបានការបកស្រាយ បំភ្លឺពីម្ចាស់ អ៊ិនធើណេត ខាងលើ បាននៅឡើយទេនៅនេះ។ ពាក់ព័ន្ធករណីល្បែងអ៊ិនធើណេត រីកដុះដាលដូចផ្សិតនេះ គេមិនទាន់ ដឹងថា ជាមូលហេតុអ្វី បានជា សមត្ថកិច្ច មិនហ៊ាន បង្ក្រាប នោះទេ។ ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ច ចុះស្រាវ ជ្រាវ នៅទីតាំង ល្បែងខាងលើ ដើម្បីឈាន ដល់ការបង្ក្រាបឲ្យ បានសម្រេចជោគជ័យផងដែរ៕
មតិយោបល់