មណ្ឌលគិរីៈ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលដ្ឋានស្រុកកែវសីមា ដោយមានការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់បំបែកសំណុំរឿង និងចាប់ឃាតករបានម្នាក់ យកមកផ្តន្ទាទោសតាមច្បាប់ ក្រោយការស៊ើបអង្កេត អស់រយៈពេលជិត១ខែ ក្នុងករណីឃាតកម្មមួយ នៅក្នុងភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ដែលបណ្ដាលឱ្យជនរងគ្រោះជនជាតិព្នងម្នាក់ បានស្លាប់ ក្រោយពេលដែលជនមិនស្គាល់មុខ ធ្វើការបាញ់ប្រហារ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៨និង ១៥នាទី យប់(ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ)។
តាមរបាយការណ៍របស់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ណន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ព្នង ទីលំនៅ កន្លែងកើតហេតុ ។ លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្រោយការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះព្យុច ផុស យ៉ាងពិតប្រាកដមែន ។ ជនសង្ស័យថា មូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះនោះ គឺដោយសារតែខ្លួនមានគំនុំបីឆ្នាំហើយ ជាមួយគ្រួសាររងគ្រោះ ដោយបញ្ហាទំនាស់ដីធ្លី និងចោទប្រកាន់ថាជនរងគ្រោះចេះអំពើអាបធ្មប់ ធ្វើបាបខ្លួន។ ក្នុងចម្លើយសារភាពគ្រាដែលសមត្ថកិច្ចយកជនសង្ស័យទៅធ្វើត្រាប់ឡើងវិញនោះ ជនសង្ស័យ ក៏បានបកស្រាយលម្អិតអំពីគម្រោងផែនការ រៀបចំយ៉ាងល្អ ប្រាប់ដល់សមត្ថកិច្ចផងដែរ។
សូមជម្រាបថា នៅព្រលប់ថ្ងៃទី ១៤ខែមេសាឆ្នាំ២០១៩ពោលគឺ ចំថ្ងៃទី១ នៃព្រះរាជពិធីបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែរ បុរសជនជាតិព្នងម្នាក់ ឈ្មោះព្យុច ផុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលមានប្រពន្ធនិងកូនៗចំនួន០៧នាក់ បានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួន គ្រាដែល ត្រូវជនមិនស្គាល់មុខ ប្រើអាវុធអាកាស្វៃបត់ បាញ់ប្រហារ ពីខាងក្រោមផ្ទះ ចំនួន២គ្រាប់ធ្លាយពោះស្លាប់៕
ព័ត៌មានជាតិ
មតិយោបល់