ព័ត៌មានជាតិ

ស្ទះចរាចរណ៍ទាំងយប់! រថយន្តដឹកទំនិញធុនធំរបស់កងដឹកជញ្ជូន M-70 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញៈ រថយន្តដឹកទំនិញប្រាំភ្លៅមួយគ្រឿង បើករយ៉ែរថយក្រោយ បំណងចូលទៅទម្លាក់ទំនិញ នៅក្នុងការដ្ឋានសំណង់មួយកន្លែង តែដាក់លេខមិនចូល ក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បង្កឲ្យកកស្ទុះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតស្ពានអាកាស៥មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌បៃតង ជាប្រភេទរថយន្តប្រាំភ្លៅដឹកទំនិញ ពាក់ស្លាកលេខ ក្រុងប៉ៃលិន 3A-0059 របស់កងដឹកជញ្ជូន M-70 ធ្វើដំណើរពីកើតទៅលិចតាមបណ្តាលមហាវិថីសហព័ន្ធរុស្ស៊ី។

លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានរយ៉ែរថយគូទ ចូលទៅក្នុងដីឡូត៍ទុកចោលមួយកន្លែង បំណងបត់ក្បាលទៅក្រោយវិញ ដើម្បីថយចូលទៅទម្លាក់ទំនិញ ក្នុងការដ្ឋានសំណង់មួយកន្លែង ដែលនៅក្បែរនោះ។ ខណៈនោះ រថយន្តខាងលើ ដាក់លេខមិនចូល បណ្ដាលឲ្យរថយន្តរអិល ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់ពីរកង់ ចំណែករថយន្តគាំងជាប់កាត់ទទឹងផ្លូវ បង្កឲ្យកកស្ទុះចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុ។ ភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចមូលដ្នាន បានចុះមកអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់