ព័ត៌មានជាតិ

បើកស្រវឹងសូមកុំបើកបរ! រថយន្តម៉ាស័រដា បើកបញ្ច្រាសទិសចរាចរណ៍ ទៅបុករថយន្តចតស្ងៀម រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្ត ម៉ាស័រដាBT50មួយគ្រឿង បញ្រ្ចាសទិសចរាចរណ៍ ក៏រេចង្កូតទៅបុករថយន្តវីស្តូ មួយគ្រឿងទៀត ដែលឈប់ចតស្ងៀមលើខឿន នៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងជោកជាំ បានបើករថយន្តមួយគ្រឿងម៉ាកម៉ាស័រដាBT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6489 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងទិសដៅបញ្រ្ចាសចរាចរណ៍។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-2870 ដែលឈប់ចតស្ងៀមនៅលើខឿន តាមចិញ្ចើមផ្លូវ ត្រូវចំទ្វារខាងមុខ ចំហៀងខាងឆ្វេង ពេញទំហឹង បណ្ដាលឲ្យក្រពឹតរងការខូចខាត។ ចំណែកឯរថយន្តបង្ក រងការខូចខាតកាងផ្នែកខាងមុខបន្តិចបន្តួច តែមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើករថយន្តបង្ក មានស្ថានភាពស្រវឹងពេក មិនអាចធ្វើការចរចា ដោះស្រាយគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋាន រាយការណ៍ទៅជំនាញ ចុះមកវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់