ព័ត៌មានជាតិ

តូចចិត្តប្រពន្ធរត់ចោលចង កសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោល គួបផ្សំមានជំងឺផងនោះ ក៏បានបញ្ចប់ជីវិតខ្លួនឯងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលក់អេតចាយលេខ៦៣៦អា ផ្លូវបេតុង ក្រុម៤ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ផា ថុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ធី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះព្រមទាំងមានកូនស្រី២នាក់។

ប្រភពព័ត៌មានពីម្តាយឈ្មោះ លី ហៀង បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ ជនរងគ្រោះបានគេងនៅក្នុងបន្ទប់ ដោយមិនបានចេញមកខាងក្រៅទេ រហូតមកដល់ពេលយប់ ក្រុមគ្រួសារបានហៅជនរងគ្រោះមកហូបបាយ តែមិនបានឃើញចេញមកទេ។

លុះមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក៏មានបុរសម្នាក់ដែលជាមិត្តភក្តិបានមកសួររកជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះនៅក្នុងបន្ទប់មិនព្រមចេញមកក្រៅទេ។ ពេលនោះ ស្រាប់តែមិត្តភក្ដិជនរងគ្រោះ បានដើរចូលទៅហៅ តែមិនឮសំឡេង ក៏បានបើកទ្វារចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។ ពេលឃើញដូចនោះ ក៏បានមកប្រាប់ក្រុមគ្រួសារជនរងគ្រោះ ហើយបានប្រាប់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ ឲ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យ។

ស្ត្រីដែលជាម្តាយជនរងគ្រោះបានបន្តទៀតថា នៅប៉ុន្មានខែមុន ជនរងគ្រោះបានជួបគ្រោះថ្នាក់ការងារដោយបានលើកអេតចាយដាក់ទៅលើឡាន ដើម្បីយកទៅលក់ ស្រាប់តែបានរអិលដួលចុះមកក្រោម បណ្តាលឲ្យបាក់ជើងខាងឆ្វេង ទើបធ្វើឲ្យបុរសខាងលើធ្លាក់ខ្លួនពិការរហូតដល់សព្វថ្ងៃ។

ក្រោយពីបុរសខាងលើបានធ្លាក់ខ្លួនពិការហើយនោះ ដោយសារតែរូបគេរកលុយមិនសូវបានឲ្យប្រពន្ធ ទើបប្រពន្ធបាននាំកូនស្រី ២នាក់លួចរត់ចេញពីផ្ទះទៅចោលប្តី ដោយទុកឲ្យប្តីពិការជើងនោះ រស់នៅម្នាក់ឯង។ ក្រោមមកបុរសខាងលើ បានយកកម្រាលពូកមកចង កភ្ជាប់នឹងក្លោងបន្ទប់ទឹក សម្លាប់ខ្លួនឯងតែម្តង។

ក្រោយពីកើតហេតុ សមត្ថិច្ចបានចុះមកដល់ រួចបានធ្វើការពិនិត្យកោសល្យវិច័យ រកឃើញថា បុរសខាងលើ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/bBSZQE2xzDE

https://youtu.be/kTlZiP1DClM

https://youtu.be/5oXKImg2-xg

មតិយោបល់