ព័ត៌មានជាតិ

បុរសម្នាក់ចាកចេញពីផ្ទះ ៦ខែ ត្រឡប់មកវិញស្រាប់តែសម្រេចចិត្តធ្វើអត្តឃាត

កណ្ដាលៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០៥នាទី មានករណីអត្តឃាតនៅចំណុចលើដើមស្វាយ ដីចំការរបស់ឈ្មោះ កង ស៊ីម ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ធឹម ម៉ៃ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ក្រម៉ាព៌ណស ក្រហម០១ ប្រវែង១២៥ ស.ម ។

សភាពរឿងហេតុ៖ យោងតាមការសួរបំភ្លឺពីឈ្មោះ យោគ ជូរី ភេទស្រី អាយុ ២៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា៖ ខ្លួននិងប្តីបានរៀបការរយៈពេល ៦ឆ្នាំមកហើយ មានកូនប្រុសម្នាក់ លុះនៅក្នុងឆ្នាំ២០១៩ មុនពេលកើតហេតុរយៈពេល៦ខែ ប្តីរបស់គាត់បានចុះចេញពីផ្ទះដោយមានបញ្ហាទំនាស់ពាក្យសំដីក្នុងគ្រួសារបន្តិចបន្តួច ។ លុះនៅថ្ងៃ២៣ ខែតុលា ឆ្នាំ ២០១៩ គាត់បានមកដល់ក្នុងភូមិវិញ តែពុំបានចូលមកផ្ទះទេ ដោយនៅផឹកស្រាជាមួយអ្នកភូមិរហូត ដល់ម៉ោងប្រមាណ២១និង៣០នាទីថ្ងៃ ដដែល ទើបប្តីចូលមកផ្ទះ ហើយក៏មានការទាស់ពាក្យសំដី ក្រោយមកបានចុះចេញពីផ្ទះ បាត់ទៅមិនដឹងទៅទីណា លុះព្រឹកឡើង នៅវេលាម៉ោង០៩និង០៥ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ទើបអ្នកស្រុកមកប្រាប់ថា គាត់បានធ្វើអត្តឃាត ចងក នៅនឹងមែកស្វាយស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ មានលោកគ្រូពេទ្យ ចុះដល់ទីតាំងដើម្បីធ្វើការពិនិត្យសាកសព ។

ការពិនិត្យ៖ ជនរងគ្រោះមានសភាពស្លេកស្លាំង មានស្នាមទ្រុឌ ជាំនៅ ក ផ្នែកខាងមុខ លើគ្រាប់ពោនដល់កញ្ចឹងកខាងក្រោយ ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ ។

ការសន្និដ្ឋាន៖ របស់លោកគ្រូពេទ្យ និងផ្នែក ជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងក ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់