សៀមរាបៈ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានពិនិត្យជនជាតិថៃចំនួន ០២នាក់ ក្នុងករណីសង្ស័យនាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ដោយរកឃើញ ម៉្សៅក្រាមពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២៨.៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២៧.៣០គីឡូក្រាម)។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិថៃទាំង ០២នាក់នេះ មាន ទី១/ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១២ដុំ ទម្ងន់ ១២.៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១២.២០គីឡូក្រាម) និងទី២/ឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣០ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១៥ដុំ ទម្ងន់ ១៥.៨គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១៥.១០គីឡូក្រាម) បន្ទាប់ពីមន្រ្តីជំនាញ នៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើតេស្តបញ្ជាក់ថា ក្រាមពណ៌សខាងលើ ជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនទម្ងន់ ២៧.៣០គីឡូក្រាម ត្រូវបានដកហូត និងឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់