ភ្នំពេញៈ កាលពីវេលាម៉ោង ៧ និង១៥នាទីយប់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីប្ដីលួចមានសាហាយស្មន់ ត្រូវតាមប្រពន្ធតាមទាន់ បង្កឲ្យមានការភ្ញាក់ផ្អើល។
ស្ត្រីជាប្រពន្ធឈ្មោះ ហ.ដ.ល អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ចំណែកប្តីឈ្មោះ គា ធារិទ្ធ អាយុ៣១ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិ-ឃុំជាមួយគ្នា។
ដោយឡែកស្រីស្នេហ៍របស់ប្តី មុខរបរកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅជាមួយប្តី-ប្រពន្ធខាងលើនេះដែរ។
តាមប្រភពពីស្រ្ដីរងគ្រោះ បានឲ្យដឹងថា គាត់បានរៀបការជាប្ដីអស់រយៈពេល ៧ឆ្នាំ មកហើយ ដោយមានដំណងដៃកូនស្រី២នាក់ កូនបងអាយុ៦ឆ្នាំ និងកូនពៅអាយុ៤ឆ្នាំយ៉ាងមានសុភមង្គល។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្តីគាត់ប្លែក លួចមានស្រីថ្មី តែងតែទាស់ពាក្យសម្ដីជាមួយគាត់ ធ្លាប់តែបើកប្រាក់ខែ ប្រគល់ឲ្យប្រពន្ធទាំងអស់ ឥទ្បូវមិនត្រឹមតែលែងឲ្យគ្រប់ចំនួនដូចមុន ហើយថែមទាំងប្រើហិង្សាលើរូបគាត់ទៀត។
ប្រភពដដែល បានបញ្ជាក់ថា ពេលដឹងរឿងប្ដីផិតក្បត់នេះ គាត់ធ្លាប់ហៅប្តី និងស្រីកំណាន់ ទៅធ្វើកិច្ចសន្យា នៅឯស្រុកកំណើតម្តងរួចមកហើយ។ ប៉ុន្តែតាំងពីធ្វើកិច្ចសន្យាអស់រយៈពេលជាង៣ខែ ប្តីគាត់ បានសុំលែងលះគ្នា ហើយគាត់ក៏យល់ព្រម ដោយទាមទារប្រាក់ចិញ្ចឹមកូន៣០០០ដុល្លារ តែប្តីប្រាប់ថា គ្មានទេសុំឲ្យប្រចាំខែ១៥០ដុល្លារ រូបគាត់មិនព្រម ពេលនោះបុរសជាប្តី បានចុះចោលពីរូបគាត់ ដោយប្រាប់ថា ទៅរស់នៅផ្ទះជួល ជាមួយបងប្អូនជិតកន្លែងធ្វើការ។
នៅវេលាថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធ បានតាមរកប្តីនៅផ្ទះជួលខាងលើ ពេលទៅដល់បន្ទប់ គាត់បានលួចមើលតាមបង្អួច ឃើញប្តីគាត់កំពុងសម្រាក តែគាត់មិននឹកស្មានថា ប្តីគាត់រស់នៅជាមួយស្រីកំណាន់ទេ លុះឃើញស្រីកំណាន់ នៅជាមួយប្តី ធ្វើឲ្យគាត់ទប់ចិត្តមិនបាន ក៏ទៅខ្ចីកូនសោអ្នកជិតខាងបន្ទប់ជួល យកមកចាក់ពីខាងក្រៅ រួចទូរស័ព្ទប្តឹងសមត្ថកិច្ច ជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានមកដល់នាំប្តីទៅមុន ចំណែកស្រីកំណាន់ មិនព្រមចេញមកទេ គឺសំងំក្នុងបន្ទប់ទឹក ជិតកន្លះម៉ោង ទើបព្រមដើរចេញមកឡើង ជិះម៉ូតូជាមួយសមត្ថកិច្ចទៅប៉ុស្ដិ៍៕
មតិយោបល់