ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យកោសល្យវិច័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បានបើកការស្រាវជ្រាវជុំវិញ ករណីក្រុមចោរចូលគាស់បង្អួច លួចលុយក្នុងសាខាពន្ធដារខណ្ឌដង្កោវិចខ្ចប់យកលុយទៅបាត់ស្រមោលជាង ៦ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅទល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក ផ្លូវ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបុរសសន្តិសុខឯកជនម្នាក់បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុរូបគាត់បានឈប់សម្រាកនៅផ្ទះ លុះព្រឹកឡើងពេលមកយាមនៅសាខាពន្ធដារខណ្ឌដង្កោវិញ ស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ជើងឯកដឹកគាត់យកមកសាកសួរ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋរិះគន់ទៅលើលោកមេប៉ុស្តិ៍សង្កាត់ជើងឯក សង្ស័យមិនឲ្យកូនចៅថ្នាក់ក្រោមឱវាទល្បាតក្នុងមូលដ្ឋានយប់ឡើង នាំគ្នាសំងំដេកក្នុងប៉ុស្តិ៍ចាំតែទទួលពាក្យបណ្ដឹងពីពលរដ្ឋ បានជាមានចោរលួច ឆក់ ក្រុមក្មេងស្ទាវដេញវ៉ៃគ្នាពេញផ្លូវជាញឹកញយ ហាក់បីដូចជាមិនខ្វល់ខ្វាយចាត់វិធានការ មានមតិខ្លះលើកឡើងថា គួរឲ្យមានការពួនល្បាតជាប្រចាំក្នុងមូលដ្ឋានរបស់លោក កុំដូចពាក្យចាស់ពោលថា «គោបាត់ទើបធ្វើរបង» ឫមួយលោកជាប់រវល់រកស៊ីការងារខាងក្រៅច្រើនពេក ភ្លេចដាក់ផែនការឲ្យមន្ត្រីអនុវត្តន៍ សូម្បីតែសាខាពន្ធដារខណ្ឌដង្កោ នៅទល់មុខប៉ុស្តិ៍រដ្ឋបាលទៅហើយ ជនសង្ស័យហ៊ានធ្វើសកម្មភាពទៀត ចុះឲ្យពលរដ្ឋទៅសង្ឃឹមអ្នកណា៕
មតិយោបល់