កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ នៃអធិការដ្ឋានគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងធ្វើសកម្មភាពវាយជនរងគ្រោះជាប្រពន្ធបណ្តាលឱ្យមានរបួសស្នាម កើតហេតុចំណុចនៅលើផ្ទះរបស់ឈ្មោះ ទូច ចាន់ធូ ស្ថិតនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពពីមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ចាន់ធូ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ជាប្រពន្ធ) មានស្នាមរបួសប៉ោងផ្ទៃមុខផ្នែកខាងស្ដាំ ខៀវភ្នែកខាងស្ដាំ និងពកថ្ងាសខាងឆ្វេង។ ចំណែកជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វិន វី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ជាប្តី) (ធ្លាប់ជាប់ពន្ធនាគារយៈពេល០៣ឆ្នាំនៅខេត្តកំពង់ធំ)។
ប្រភពដដែលបន្តថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ(ជាប្រពន្ធ)កំពុងមើលទូរទស្សន៍ជាមួយកូននៅលើផ្ទះ ខណៈពេលនោះជនសង្ស័យ(ជាប្ដី) មានសភាពស្រវឹងស្រាជោគជាំបានឡើងទៅលើផ្ទះហើយបានប្រើអំពើហិង្សាទៅលើជនរងគ្រោះដោយចាប់បោចសក់និងទះកំភ្លៀងបណ្ដាលឱ្យជនរងគ្រោះដួលរួចហើយជនសង្ស័យទាត់មួយជើងចំមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យដួលសន្លប់ស្តូកស្តឹងនៅលើផ្ទះតែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់