ព័ត៌មានជាតិ

ចោរលួចដឹកគោប្រជាពលរដ្ឋ ទៅពន្លះសាច់ សល់តែឆ្អឹងទុកឲ្យម្ចាស់ នៅខណ្ឌកំបូល

ភ្នំពេញ: មេគោមួយក្បាល មានទាំងកូនក្នុងពោះ ត្រូវបានចោរលួចដឹកចេញពីក្រោល ទៅពន្លះយកសាច់ ហើយគេចខ្លួនបាត់ បន្សល់ទុកតែឆ្អឹង ឲ្យម្ចាស់ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅវាលស្រែ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនរងគ្រោះ ជាម្ចាស់គោ ឈ្មោះ ថៃ ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ មានប្រពន្ធឈ្មោះ កៅ ពេញ អាយុ៤៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនរងគ្រោះ បានឲ្យដឹងថា គាត់ចិញ្ចឹមគោ សរុបចំនួន៧ក្បាល មេគោ២ក្បាល ហើយយប់ឡើង គោរបស់គាត់ដឹកបញ្ចូលក្នុងក្រោល នៅមុខផ្ទះ វាយឃ្នង ធ្វើជារនាំង ការពារ ស្រាប់តែនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ ពេលដែលចេញទៅដឹកគោ យកចងវាល ស្រាប់តែឃ្នងគោត្រូវបានចំហរ មេគោមួយក្បាល មានកូនក្នុងពោះបាត់ គាត់ខំដើររកជុំវិញផ្ទះតែមិនឃើញ ចេញទៅតាមស្វែងរកក្រៅភូមិ ទើបមានអ្នកឡើងត្នោត ស្រែកប្រាប់ ប្រទះឃើញ សំណល់គោ នៅតាមភ្លឺស្រែ ក្នុងភូមិភ្លើងឆេះរទេះលិច ចម្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រ លុះទៅមើលទើបដឹង ស្គាល់ ដោយបន្សល់ទុកក្បាល ស្បែក ឆ្អឹង ជើង នៅតាមភ្លឺស្រែ ពិតជាគោរបស់ខ្លួន ។

ក្រោយពីជួបរឿងចោរកម្មលួចសត្វគោ ជនរងគ្រោះក៏បានប្តឹងទៅអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានផងដែរ រួចប្រមូល បំណែកនៅសេសសល់ ទៅផ្ទះ ទាំងអារម្មណ៍មិននឹកស្មានដល់ ៕

មតិយោបល់