ព័ត៌មានជាតិ

Updated៖ ផ្ទុះឆេះរថយន្តស្ទូចមួយគ្រឿងនៅក្នុងឃ្លាំងស្តុកអគ្គិសនី មួយកន្លែងផ្អើលសមត្ថកិច្ច

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីរថយន្តស្ទូចមួយគ្រឿង បានផ្ទុះឆាបឆេះដោយមិនដឹងមូលហេតុ ហើយរាលដាលដល់ឃ្លាំង ស្តុកសម្ភារ:អគ្គិសនី មួយកន្លែងឆេះបំផ្លាញសម្ភារ: ខាងក្នុងមួយចំនួន នៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុច ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងផ្ទុះចេញពីក្នុងរថយន្តស្ទូចមួយគ្រឿង ដែលចតទុកក្នុងឃ្លាំងខាងលើ ភ្លាមនោះបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់កម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យខាងលើ បានឆេះបំផ្លាញរថយន្តស្ទូចចំនួន ១គ្រឿង ទាំងស្រុង ឃ្លាំងស្តុកសម្ភារ:អគ្គិសនីទំហំ ២០ម៉ែត្រx៣០ម៉ែត្រអស់ ប្រហែល ៣០% ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ អ្នកនៅក្បែរខាងឡើយ ហើយនិងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

បញ្ជាក់៖ ករណីនេះប្រើរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រថយន្តកងពលតូចលេខ ៧០ចំនួន ២គ្រឿង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ទើបអាចពន្លត់ភ្លើងបានទាំងស្រុង នៅម៉ោង ១និង០០នាទីរសៀលថ្ងៃដដែល៕

មតិយោបល់