ព័ត៌មានជាតិ

ប្តីរត់ចោលតាំងពីកូនក្នុងផ្ទៃ៥ខែ ជំពាក់លុយគេ៥០០ដុល្លារ ទើបសម្រាលកូនបាន ១ខែ ស្រាប់តែបីមកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីនារីម្នាក់មានវិបត្តិគ្រួសារ បានបីកូនមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ មិត្តភាព–កម្ពុជាជប៉ុន តែមិនបានសម្រេច ត្រូវសមត្ថកិច្ចជួយឃាត់ទាន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញនារីម្នាក់បីកូនតូច ចុះពីកង់បី ដោយយំបណ្តើរដើរបណ្តើរ បានមកលើស្ពាន ដោយមើលទៅមិនស្រួល សង្ស័យមានបំណងចង់លោតទឹក សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនសួរនាំភ្លាមៗ។

ក្រោយពីសួរនាំស្ត្រីខាងលើ បានឲ្យដឹងថា នារីខាងលើ ពិតជាមានបំណង ចង់បញ្ចប់ជីវិតខ្លួនបែបនេះមែន។

នារីខាងលើឈ្មោះ សីហា មានអាយុប្រហែលជាង២០ឆ្នាំ ស្នាក់ខណ្ឌព្រែកភ្នៅ ជាមួយឪពុកម្តាយ ឪពុកស្រវឹងរាល់ ហើយតែងតែបណ្តេញនាងចេញពីផ្ទះ មិនត្រឹមតែប៉ុណ្ណោះ សូម្បីម្តាយរបស់នាង ក៏ឪពុកដេញចេញពីផ្ទះដែរ នៅពេលស្រវឹងម្តងៗ។

ចំណែកប្តីរបស់នាង បានរត់ចោលនាងតាំងពីមានកូនក្នុងផ្ទៃ៥ខែមកម្ល៉េះ មិនឃើញត្រឡប់មកវិញឡើយ។ នៅពេលនាងសម្រាលកូនគ្មាន លុយកាក់ ក៏ខ្ចីលុយគេចំនួន៥០០ដុល្លារ ដើម្បីដោះស្រាយជីវភាព រហូតដល់ថ្ងៃកើតហេតុកូនបាន១ខែហើយ នៅតែមិនអាចទាក់ទងប្តីបាន ដោយគ្មានថវិកាសម្រាប់សងគេ ហើយថែមទាំងត្រូវម្តាយឪពុកផឹកស្រាស្រវឹងជេរស្តីឲ្យ និងបានបណ្តេញចេញពីផ្ទះទៀតផង ទើបធ្វើឲ្យស្ត្រីខាងលើ ដាច់ចិត្តជួលកង់បី ជិះពីព្រែកព្នៅមកលើស្ពានជ្រោយចង្វារ ដើម្បីលោតទឹកបញ្ចប់ជីវិតខ្លួនឯង តែត្រូវសមត្ថកិច្ចឃាត់ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍ស្រះចក បានមកដល់នាំនារីរងគ្រោះ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ និងពន្យល់ណែនាំឲ្យគិតវែងឆ្ងាយ ហើយក៏ឲ្យត្រលប់ទៅផ្ទះវិញ ៕

មតិយោបល់