ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូទៅផ្ទះវង្វេងផ្លូវ ត្រូវក្រុមចោរធ្លាក់ប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ មានបុរសម្នាក់ត្រូវបានក្រុមចោរ ធ្វើសកម្មភាពធាក់ប្លន់យក ម៉ូតូ ហុងដាស្តុបភីស៊េរីឆ្នាំ២០២១ មួយគ្រឿង បានសម្រេច ជិះគេចខ្លួនបាត់ស្រមោល បន្ទាប់ពីបុរស នោះផឹកស្រាស្រវឹង ជិះម៉ូតូទៅផ្ទះវង្វេងផ្លូវ បង្កឲ្យការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គុបភីស៊េរីឆ្នាំ២០២១ ពណ៌ស លាយក្រហម មិនចាំស្លាកលេខ ជិះធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ។ ពេលនោះមានជនសង្ស័យ០២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក XR ពណ៌ក្រហម មិនចាំស្លាកលេខ ជិះតាមពីក្រោយម៉ូតូជនរងគ្រោះ ។

លុះមកដល់ត្រង់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលរងរបួសបែកមុខ បែកមាត់សន្លប់ស្ដូកស្ដឹង ។ ភ្លាមនោះជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ បានចុះមកលើកម៉ូតូជនរងគ្រោះជិះគេច ខ្លួនចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព ។

មួយសន្ទះក្រោយមកជនរងគ្រោះ បានដឹងខ្លួនឡើងវិញរួចក៏មានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីកន្លែងនោះបានឈប់មើល និងរាយការណ៍ទៅសមត្ថកិច្ច ។

ដោយឡែកជនរងគ្រោះមានឈ្មោះ ហោ ប៊ុនលាភ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយមុនពេលកើតហេតុ គាត់មានបំណងជិះត្រលប់ទៅផ្ទះវិញដោយគាត់ទើបតែចេញ ពីកន្លែងផឹកស៊ី ។ ប៉ុន្ដែដោយស្រវឹងខ្លាំងពេក គាត់ក៏បានភ្លេចមិនដឹងផឹកនៅទីណានោះទេនិងថែមទាំងវង្វេងផ្លូវទៅផ្ទះទើប ធ្វើឲ្យគាត់ជិះមកដល់ចំណុចកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកនាំជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ធ្វើការដាក់ ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់