តាកែវៈ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្ដមឧត្ដមសេនីយ៍ទោសុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនឹងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានស្រាវជ្រាវរកឃើញរថយន្ត០១គ្រឿងដែលពាក់ព័ន្ធនឹងករណីលួចកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ហើយត្រូវបានជនសង្ស័យជិះយកទៅប្លុងចោលនៅមូលដ្ឋានស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
រថយន្តមានម៉ាកToyotaCamery សេរ៊ីឆ្នាំ២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ2A-2663 (ត្រូវបានជនសង្ស័យកែលេខទៅ2A-2863)ជាកម្មសិទ្ធិរបស់ឈ្មោះហាស់ ស៊ីមលាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានប្រគល់ជូនម្ចាស់ដើមវិញនិងកំពុងសហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់