ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ បុកហើយរត់គេចបាត់ស្រមោល បន្សល់ទុកអ្នករបួសចំនួន ៤នាក់

ភ្នំពេញ: នៅវេលាម៉ោង ១ និង ៣៥យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខារ៉ាអូខេដឹឃ្វីន តាមបណ្តោយផ្លូវណតព្រីត ស្ថិតសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 012-3985 ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើធ្វើការបត់ស្ដាំ ក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FN-7298 ធ្វើដំណើរស្របទិសគ្នា ដួលបោកទៅនឹងថ្នល់ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់ បន្ទាប់មកម្ចាស់រថយន្តបង្កបានបើករត់គេចខ្លួនបាត់ បន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកធ្វើការស្រាវជ្រាវរកជនបង្ក ដើម្បីដោះស្រាយតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់