កំពតៈ នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២០នាទីព្រឹក កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនអ្នកបើកបររថយន្តសាំយ៉ុងម្នាក់ តាមបណ្ដោយផ្លូវលើភ្នំគូលែន ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ករណីដឹកភ្ញៀវហើយបង្កគ្រោះថ្នាក់ បណ្ដាលឲ្យជនជាតិចិន ៣នាក់ស្លាប់ និងមនុស្សរងរបួសច្រើននាក់ទៀត ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។
ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ ឲ្យនាំខ្លួនរបស់លោក មុយ សុភ័ក្ត្រ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុមានជនជាតិចិនចំនួន ១៤នាក់ ដែលជាភ្ញៀវរបស់ក្រុមហ៊ុន ឆាង យ៉ុង ទីតាំង ស្ថិតនៅភូមិមណ្ឌលមួយ សង្កាត់/ ក្រុង/ខេត្តសៀមរាប ក្រោយពីបានធ្វើដំណើរតាមកម្មវិធីរបស់ក្រុមហ៊ុនរួចមក ក្រុមភ្ញៀវបានធ្វើដំណើរចុះពីភ្នំគូលែនត្រឡប់មកវិញ តាមផ្លូវថ្មីភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជួបឧប្បត្តិហេតុក្រឡាប់ឡានចុះមកក្រោម បណ្តាលឲ្យស្លាប់ និងរបួស អ្នកដំណើរជាច្រើននាក់ ។
សន្និដ្ឋាន៖ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបររថយន្តសាំយ៉ុង ។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
បញ្ជាក់៖ ក្រោយពេលកើតជនបង្ករត់គេចខ្លួនបាត់រយៈពេលជាង ៤ខែ៕
មតិយោបល់