ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វីលៀម ជី ឡាស់ហ្វើរ៉ិនឌើ (William G. Lafferrandre) តំណាងក្រុមហ៊ុន Conoco Phillips និងប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
ក្រោយជំនួបបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានថា លោក ឡាស់ហ្វើរ៉ិនឌើ បានគោរពជូនសម្តេចតេជោ ហ៊ុន សែន ថា នៅពេលនេះ លោក បានដឹកនាំអ្នកធុរកិច្ច ធំៗ របស់អាមេរិក និងអាស៊ាន មកកាន់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរាបជូនសម្តេចអំពីវឌ្ឍនភាព នៃការធ្វើវិនិយោគ នៅកម្ពុជា ក្នុងនោះ លោកតំណាង ក្រុមហ៊ុន G E បានគោរពជំរាបជូនសម្តេចថា ក្រុមហ៊ុន របស់លោកបានប្តេជ្ញាចិត្ត នឹង បន្ត ធ្វើការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យទាំងអស់ ហើយនៅពេលនេះទៀត ការធ្វើវិនិយោគពាណិជ្ជកម្ម នៅកម្ពុជានេះ គឺ ក្នុងន័យជាដៃគូ ហើយកន្លងមក ក្រុមហ៊ុន G.E ក៏បានចូលរួមចំណែកក្នុងការជួយជំរុញ ការអភិវឌ្ឍ ប្រទេសកម្ពុជា កសាងសមត្ថភាព របស់ កម្ពុជា ក៏ដូចជាជួយកម្ពុជា លើវិស័យទឹកស្អាតផងដែរ។
ក្រុមហ៊ុន Viza ក៏បានជំរាបជូនសម្តេចដោយអរគុណចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈ បរិយាកាសទីផ្សារដ៏ល្អមួយ ធ្វើឱ្យក្រុម Viza ជោគជ័យ ក្នុងរយៈពេល១០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Cocacola បានជំរាបជូនសម្តេចថា ក្រុមហ៊ុន កំពុង តែស្ថាបនាពង្រីក ដាក់ទុនវិនិយោគ ប្រមាណ ១០០លានដុល្លាអាមេរិក ក្នុងការកសាងរោងចក្រ ហើយរោងចក្រនេះ នឹង បញ្ចប់ក្នុងពេលឆាប់ៗ និងបានគោរពអញ្ជើញសម្តេចដើម្បីសម្ពោធ នៅខែធ្នូ ខាងមុខនេះ ។ លោកតំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់នូវការយោគយល់ និងគាំទ្រដល់ការវិយោគ របស់ ក្រុមហ៊ុន Cocacola ។
ចំណែកក្រុមហ៊ុន Ford ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងរាជ រដ្ឋាភិបាលកម្ពុជា ផងដែរ ដែលបានបើកចំហ បរិយាកាសវិនិយោគ នៅកម្ពុជា ក្រុមហ៊ុន Ford ពិតជាមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះ បរិយាកាសវិនិយោគនៅកម្ពុជា ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយយ៉ាងខ្លាំង ចំពោះ របាយការណ៍វឌ្ឍនភាព របស់ក្រុមហ៊ុនទាំង៤ខាងលើ ហើយក៏បានមានប្រសាសន៍ សូមឱ្យបន្តជួយដល់ការកសាងសមត្ថភាពរបស់កម្ពុជា ហើយសម្តេចបានមានប្រសាសន៍ថា គ្មានប្រទេសណាដែលអាចធ្វើការអភិវឌ្ឍ ដោយគ្មានធនធានមនុស្សនោះទេ។ ទន្ទឹមនេះ សម្តេច ក៏បានអបអរសាទរចំពោះក្រុមហ៊ុន Cocacola ដែលបានពង្រីក រោងចក្ររបស់ខ្លួន ដែលត្រូវ បញ្ចប់ក្នុងពេលឆាប់ៗ ហើយសម្តេចក៏បានអរគុណសដល់បណ្តាក្រុមហ៊ុន ទាំងអស់ ដែល មាន ជំនឿទុកចិត្ត ក្នុងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេច បានមាន ប្រសាសន៍ ដែរថា សព្វថ្ងៃនេះ កំណែទម្រង់នៅកម្ពុជាកំពុងតែទទួល បានផលជាបណ្តើរៗហើយ។ កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ជាអាទិ៍ចំណូលគយក្នុង៦ខែ មកនេះ មានការកើនឡើង ជាង១៩% ហើយចំណូលពន្ធក៏មានការកើនឡើងជាង ១៨% ផងដែរ។
កំណែទម្រង់សាធារណៈ និងកំណែទម្រង់ដទៃទៀតក៏កំពុងតែផ្តល់ផលផងដែរ។ ដោយ ឡែក វិស័យកសិកម្ម ទោះបីជាកម្ពុជា បានជួបនូវគ្រោះរាំងស្ងួតកន្លងមកក៏ដោយ ក៏ប្រជា កសិករយើងបានត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការបង្កបង្កើនផលក្នុងរដូវវស្សានេះ ហើយល្បឿន បង្កបង្កើនផលនោះសោតកំពុងតែ មានការដាំដុះបានយ៉ាងល្អប្រសើរផងដែរ៕
មតិយោបល់